(ភ្នំពេញ)៖ សាសនិកឥស្លាមនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឲ្យសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ។

ពួកគាត់ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព ហើយថានឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន​ដើម្បីបន្តការអភិវឌ្ឍរបស់ប្រទេសបន្តទៀត។

ការ​ប្រកាសជំហររបស់ សកម្មជន និងតំណាងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង​ក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម​របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណចលនា បានអញ្ជើញសំណេះសំណាល និង​ឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ​លោក អូស្មាន ហាស្សាន់ ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយទាំង​១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំបន្ត នាអាណត្តិទី៦ ឆ្នាំ​២០១៨-២០២៣។

បន្ទាប់មក​ថ្នាក់ដឹកនាំគណៈចលនា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ក៏បានបន្តជួបសំណេះសំណាល និងឃោសនារកសម្លេងឆ្នោត ជាមួយប្រជាពលរដ្ឋនៅ​ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅផងដែរ៕​