(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាមួយ ជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមកម្លាំងក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅពេលបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ តំណាងក្រសួងការពារជាតិ តំណាងបញ្ជាការដ្ឋានកងអង្គរក្សអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធចំណុះឲ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ គឺបានពិភាក្សាលំអិតលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណបក្សនយោបាយទាំងអស់ ដែលនឹងចេញធ្វើសកម្មភាពដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានវត្តមានសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតនោះដែរ។

ពាក់ព័ន្ធនឹងកិច្ចការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះដែរ ក៏បានសេចក្ដីជូនដំណឹងមួយស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ របស់គណបក្សនយោបាយនេះផងដែរ។

បើតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ នឹងមានគណបក្សនយោបាយជាច្រើន ធ្វើការជួបជុំ និងដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ ដោយមានការជួបជុំសមាជិក រហូតដល់ប្រមាណ២៥ម៉ឺននាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំសមាជិក រហូតដល់ប្រមាណ២ម៉ឺន ព្រមទាំងមានការជួបជុំសមាជិក នៅតាមទីស្នាក់ការគណបក្ស មួយចំនួនផងដែរ។

បន្ទាប់ពីការជួបជុំបណ្ដាគណបក្សនយោបាយ រួចដង្ហែនឹងត្រូវធ្វើឡើង នៅតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់ មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ២៧១ ផ្លូវលេខ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។

ដើម្បីធានាបរិយាកាស នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត មានភាពល្អប្រសើរ និងស្នើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បូនរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន តាមទីតាំងជួបជុំមួយរយៈខ្លី និងបញ្ចៀសចរាចរ តាមកន្លែងកកស្ទះ មួយចំនួន។

ក្នុងកិច្ចប្រជុំនេះ បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បានដឹងក្រោយកិច្ចប្រជុំនេះថា លោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងម៉េច គិតគូរពង្រឹងបន្ថែម លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបញ្ហាចរាចរណ៍សំដៅ ធានាបាននូវយុទ្ធនាការ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តដោយរលូន និងមានសុវត្ថិភាព ជូនគ្រប់ភាគីគណបក្សនយោបាយទាំងអស់ ។

ក្នុងនោះដែរ លោកអភិបាល បានផ្តាំផ្ញើទាំងដល់កងកម្លាំងទាំងពីរប្រភេទ គឺស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ រដ្ឋបាលខណ្ឌទាំង១២ ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណា ត្រូវគិតគូរត្រូវធ្វើឲ្យបានម៉ត់ចត់ទៅលើបញ្ហានេះ។

ចំណែកការងារផ្សេងៗទៀត ដូចជា ការងារចេញល្បាត ការត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមនឹងការងារផ្សេងៗ ដែលត្រូវធ្វើប្រចាំថ្ងៃ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទៅផង និងក៏ដូចជាការត្រៀម លក្ខណៈក្នុងការការពារ និងសម្រួលការងារ ក្នុងការបិទយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោត៕