(កណ្តាល)៖ ភូមិគំរូដ៏ស្រស់ស្អាតមួយដែលមានផ្ទះចំនួន១០០ខ្នង ជាជំនួយរបស់អង្គការមនុស្សធម៌ នៃប្រទេសកាតា ( Qatar Charity ) តាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍសង្គម ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជូនប្រជាពលរដ្ឋក្រីក្រ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃច័ន្ទទី ០២ ខែកក្កដា ឆ្នាំ ២០១៨។

ភូមិគំរូដ៏ស្រស់ឆើតឆាយមួយនេះ ត្រូវបានក៏សាងឡើងនៅចុងឆ្នាំ២០១៦ លើផ្ទៃដីចំនួនជាងមួយហិកតា មានទីតាំងស្ថិតនៅភូមិព្រែកស្តី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ភូមិនេះមានផ្ទះចំនួន១០០ខ្នង វិហារ១ខ្នង សាលារៀន២បន្ទប់ និងប្រព័ន្ធទឹកស្អាតព្រមជាមួយអគ្គិសនីមួយ សម្រាប់ដើម្បីបង្ករភាពងាយស្រួល សម្រាប់ពលរដ្ឋក្រីក្រ ដែលទទួលបាននិងត្រូវរស់នៅ នៅទីនោះ។

ថ្លែងនៅក្នុងពិធីសម្ពោធលោក ហ៊ុន ម៉ាណែត ប្រធានគណៈអធិបតី បានធ្វើការកោតសរសចំពោះទឹកចិត្តសប្បុរសជន ក៏ដូចជាការខិតខំប្រឹងប្រែង របស់ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើតឲ្យមានគម្រោងសាងសង់ភូមិគំរូនេះឡើង ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តកណ្តាល។

តំណាងម្ចាស់ជំនួយពីប្រទេសកាតា លោក ហាម៉ាត់ អាហ្សះវ៉ានី បានកោតសសើរគំរូវីរៈភាព នៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាសង្គមមួយ ដែលប្រកបដោយសុខដុមរមណីយកម្មជាពិសេស ផ្នែកជំនឿរសាសនា។

លោកបន្តថា កាយវិការទន់ភ្លន់ និងការសហការគ្នានេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជនកាតា និងប្រជាជនកម្ពុជា ក៏ដូចជាទំនាក់ទំនងរដ្ឋាភិបាលទាំងពីរ នឹងកាន់តែមានភាពជិតស្និត។

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលបច្ចុប្បន្ន សមាគមសម្របសម្រួល និងអភិវឌ្ឍសង្គម បានសាងសង់ភូមិគំរូចំនួន ១២ភូមិរួចមកហើយ សរុបជាផ្ទះចំនួន ៦៩៦ខ្នង គិតជាថវិកាចំនួន៥លានដុល្លាអាមេរិក៕