(តាកែវ)៖ រថយន្ដក្រុងមួយគ្រឿង ដឹកក្រុមអង្គការជួយកុមារកំព្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរេចង្កូតទៅបុកដើមស្វាយ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល១០នាក់ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិ​កំសី ឃុំញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ​បានឲ្យដឹងថា រថយន្ដក្រុងនេះផ្ទុកមនុស្សសរុបចំនួន១៥នាក់ ដោយធ្វើដំណើរមកពីខេត្តកែប កាត់ខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រ៉េទៅបុកដើមស្វាយនៅខាងស្ដាំដៃពេញទំហឹងតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បណ្ដាលឲ្យជនរងគ្រោះ៤នាក់ស្លាប់ ក្នុងនោះស្ដ្រីជនជាតិអូស្ដ្រាលីម្នាក់ និងរងរបួសធ្ងន់៧នាក់ របួសស្រាល៣នាក់។ ដោយឡែកអ្នកបើកបរបានរត់គេចខ្លួនបានស្រមោល ពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែជនរងគ្រោះ និងរថយន្ដនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសពកម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើការទាក់ទងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ដត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំការដោះស្រាយនៅពេលក្រោយ៕