(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល  (ISI STEEL) បានសហការ និងអនុញ្ញាតអោយនិស្សិតឆ្នាំទី២ ដេប៉ាតឺម៉ង់អគ្គិសនី និងមេកានិច មកពី សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន៨២នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ។

ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្ស ដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែម លើចំណេះដឹង និងជំនាញរបស់ខ្លួន។ លើសពីនេះទៅទៀត សិស្សនិស្សិតក៏បានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្ម ដែកដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង ដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។

ទស្សនកិច្ចសិក្សានេះ ក៏បានបង្កើនទំនាក់ទំនងកាន់តែល្អផងដែររវាងនិស្សិត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEEL ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែង មុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្មផ្សេងៗ ។

កម្មវិធីទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញអំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដាសុវត្ថិភាព ស៥ (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។

សូមជម្រាបថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិតនិងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិត រហូតដល់១៥,០០០តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK សង្ក័សីញូម សង្ក័សីពណ៌ និងសង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន នៅក្នុងប្រតិបត្តិការ អាជិវកម្មរបស់ខ្លួន ៕

ព័ត៌មានបន្ថែមទាក់ទងនិងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរស័ព្ទលេខ៖ 015-777-305 និង អ៊ីម៉ែល [email protected]
- ឬចូលទៅកាន់គេហទំព័រ  http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL