(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយក។

ក្រសួងការបរទេសបានប្រកាសឲ្យដឹងថា នេះគឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើជាអនុប្រធាននៃសម័យប្រជុំលើទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់អណត្តិពីខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩ រួមជាមួយប្រទេសចំនួន១៥ ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំ៖
* ចូលរួមពិភាក្សានិងផ្តល់យោបល់លើការជម្រុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌនៃការរើកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។ * ចូលរួមជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ។ * ចូលរួមជំរុញដំណោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ សុខាភិបាលសង្គម។
* ចូលរួមជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំង១៨៣ ដែលបានបោះឆ្នោតគាំទ្រព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់នេះ៕