(ភ្នំពេញ)៖ អ្នកវិនិយោគទុនចិន ប្រមាណជាង១០០នាក់ បានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីស្វែងយល់ ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។

ទស្សនកិច្ចរបស់វិនិយោគទុនចិនជាង១០០នាក់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ គណៈប្រតិភូវិនិយោគទុនចិន ក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុន Asia Pay Global Holding Group (ASCPAY) ដែលមានទីតាំងនៅជាន់ទី១៦ នៃអគារកាណាឌីយ៉ា រាជធានីភ្នំពេញ ដែលនេះជាដំណើរទស្សនកិច្ចលើកទី២ របស់ប្រតិភូវិនិយោគិនចិន នៅ ASCPAY។

បន្ទាប់ពីបញ្ចប់ទស្សកិច្ច នៅ Asia Pay Global Holding Group រួចមក គណៈប្រតិភូបានអញ្ជើញទៅពិសាអាហារ នៅភោជនីយដ្ឋានឡៅទីហ្វាង ដើម្បីជជែក និងផ្លាស់ប្តូរគ្នាលើវិស័យ វិនិយោគ ដែលមានការចូលរួមពីវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យអ៊ីនធើណិត។

លោក ស៊ុន ហ្វាលាំង នាយកប្រតិបត្តិក្រុមហ៊ុន ASCPAY បានថ្លែងថា ដើម្បីងាយស្រួលក្នុងការទូទាត់ហិរញ្ញវត្ថុ លើការវិនិយោគការធ្វើពាណិជ្ជកម្ម ការទិញឥវ៉ាន់ ការធ្វើដំណើរ និងការល្បែងកម្សាន្ត ប្រទេសចិន បានបង្កើតបច្ចេកវិទ្យាវ័យឆ្លាត តាមអនឡាញមួយ ដែលគេហៅថា បច្ចេកវិទ្យាកិច្ចសន្យាវៃឆ្លាត។

នាយកប្រតិបត្តិក្រុមហ៊ុន ASCPAY រូបនេះ បានបញ្ជាក់ថា ការបង្កើតបច្ចេកវិទ្យាវៃឆ្លាតនេះឡើង គឺសំដៅជួយសម្រួលដល់ជនជាតិចិន ដែលបានធ្វើដំណើរ ជុំវិញពិភពលោក ជាពិសេសទេសចរចិន និងវិនិយោគិនចិននៅកម្ពុជា។

លោកបានបន្ថែមទៀតថា ការបង្កើតបច្ចេកវិទ្យា កិច្ចសន្យាវៃឆ្លាតនេះ ក្នុងគោលបំណង ជួយទៅដល់ជនជាតិចិន ដែលធ្វើដំណើរទេសចរណ៍ និងវិនិយោគទុន នៅក្នុងពិភពលោក មានការងាយស្រួល ក្នុងការទូទាត់ទំនិញ និងលុយតាមអនឡាញ។

លោក ស៊ុន ហ្វាលាំង បន្ដថា ការបង្កើត ASCPAY គឺដើម្បីឲ្យសមស្រប ទៅតាមកំណើនសេដ្ឋកិច្ច និងផ្តល់សេវាកម្ម តាមសេចក្តីត្រូវការរបស់កម្ពុជា និងតំបន់អាស៊ាន ដែលមានប្រជាជន ប្រមាណ៥០០ពាន់លាននាក់។

នៅក្នុងពិធីស្វាគមន៍ គណៈប្រតិភូចិន ប្រមាណជាង១០០នាក់នេះ តំណាងធនាគារកាណាឌីយ៉ា ក៏បានជម្រាបគណៈប្រតិភូ វិនិយោគទុន អំពីការវិនិយោគនៅកម្ពុជា វិស័យអចនទ្រព្យ អំពីការបើកគណនីធនាគារ និងច្បាប់របស់កម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Asia Payment International Holdings Group បានបើកដំណើរការ ក្រុមហ៊ុន Asia Pay Global Holding Group (ASCPAY) ជាលើកដំបូងនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅជាន់ទី១៦ នៃអគារធនាគារកាណាឌីយ៉ា រាជធានីភ្នំពេញ៕