(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែង រួមជាមួយមន្រ្តីមន្ទីរពិសោធន៍រថយន្តចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណ:កម្មការផ្សារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារក្រុងព្រៃវែង ដោយបានយកគំរូ មកធ្វើការវិភាគពិសោធន៍ភ្លាមៗ តាមរយៈឧបករណ៍ពិសោធន៍ ដែលបានបំពាក់នៅក្នុងរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលព្រៃវែង បានឲ្យដឹងថា ផលិតផលចំនួន៣៧មុខ ស្មើនឹង៤៧គំរូមានដូចជា៖ បន្លែ, ផ្លែឈើ, គ្រឿងសមុទ្រ, គុយទាវ, បាញ់កាញ់ និងសាច់ក្រក...។

ជាលទ្ធផល នៃការវិភាគ មន្ត្រីជំនាញបានរកឃើញសារធាតុគីមី ប៉ូរ៉ាក់ (Borax ) មាននៅក្នុងសរសៃគុយទាវ១គំរូ និងបាញ់កាញ់១គំរូ។ មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុ សុំដកហូត គុយទាវចំនួន ៦.៥ គីឡូក្រាម និងបាញ់កាញ់ចំនួន១.៥ គីឡូក្រាម និងចាយហ៊ួយដូង ហាមឃាត់ចំនួន៣គីឡូក្រាមបន្លែមទៀត។

សរុបទាំងអស់១១គីឡូក្រាម ដែលមន្ត្រីបានដកហូតយកដើម្បីកម្ទេចចោល។ ទន្ទឹមនិងនោះមន្ត្រីបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកលក់គុយទាវ និងអ្នក ផលិតឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុគីមី ប៉ូរ៉ាក់៕