(ឡាវ)៖ រាត្រីកាលចូលមកដល់ ថាមពលអគ្គិសនីចាប់ផ្តើមបំភ្លឺ ភូមិនេសាទក៏ល្បីល្បាញមួយកន្លែង ដែលបណ្តែតខ្លួនក្នុងទីងងឹត លើផ្លូវទឹក គូឡុង (ឬមេគង្គ) នៃប្រទេសវៀតណាម។ ភ្លើងអំពូលចាំង ចញ្ចែងចិញ្ចាច ធ្វើឱ្យគេមើលឃើញពីការរស់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដែលពឹងអាស្រ័យលើទន្លេមេគង្គ ដើម្បីចិញ្ចឹមជីវិត។ រូបថតនេះ បង្ហាញពីអត្ថន័យជ្រាលជ្រៅ នៃខ្សែជីវិតលើទឹក ដែលឆ្លុះបញ្ចំាងពី ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងមនុស្ស និងទន្លេ។

លោក Hien Minh Vu បានថតផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ និងបានឈ្នះជ័យលាភីលេខមួយ ក្នុងការប្រកួតប្រជែងរូបថតលើកដំបូង ដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ។

ក្នុងកម្មវិធីដែលរៀបចំឡើង នាឯលេខាធិការដ្ឋាននៃគណៈកម្មការនៃទន្លេមេគង្គ ក្នុងទីក្រុងវៀងច័ន្ទ កាលពីដើមខែធ្នូ ដើម្បីអបអរសាទរភាពសម្បូរបែបនៃទន្លេមេគង្គ ជាមួយនឹងរូបថតដែលឈ្នះជ័យលាភី អ្នកថតរូបដែលទទួលបានជ័យលាភីរូបនេះ និយាយដោយចិត្តត្រេកអរថា «ការចូលរួមក្នុងការប្រកួតប្រជែងនេះ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ដើម្បីបញ្ជូនសារប្រាប់ទៅសាធារណជនទូទៅ ថា យើងចាំបាច់ត្រូវពួតដៃគ្នា ការពារទន្លេដ៏ស្រស់បំព្រងមួយនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើវា សម្រាប់ម្ហូបអាហារផង និងការរកចំណូលផង»។

រូបថតឈ្នះជ័យលាភីរបស់ លោក Vu ត្រូវបានជ្រើសចេញពីរូបថតចំនួន១៦៥ សន្លឹក របស់អ្នកថតរូបមិនមែនអាជីពចំនួន៤២នាក់ ក្នុងប្រទេសចំនួនបួន នៅអាងទន្លេមេគង្គក្រោម ក្នុងនោះមានកម្ពុជា ឡាវ ថៃ និងវៀតណាម។

អ្នកថតរូបទាំងនេះ បានចូលរួមក្នុងការប្រកួតប្រជែងរូបថត ក្រោមប្រធានបទ «ភាពសម្បូរបែបនៃទន្លេមេគង្គក្នុងខ្សែភ្នែករបស់អ្នក» ដែលចាប់ផ្តើមទទួលពាក្យប្រកួត ពីថ្ងៃទី ០៧ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៧។

រូបថតចំនួន៣០សន្លឹកផ្សេងទៀត ដែលឈានដល់វគ្គជម្រុះចុងក្រោយ ដែលផ្តិតយកផ្ទាំងទស្សនីយភាពដ៏ស្រស់បំព្រង និងសកម្មភាពមនុស្ស សុទ្ធតែសបញ្ជាក់ពីរឿងរ៉ាវគួរឱ្យទាក់ទាញចិត្ត ស្រដៀងគ្នានេះ ដូចជាការបង្ហាញពីប្រព័ន្ធបរិស្ថានសម្បូរបែបនៃទន្លេមេគង្គ ការប្រើប្រាស់ទឹកតាមបែបផែនផ្សេងៗគ្នា និងមុខរបរចិញ្ចឹមជីវិត ដែលមានលក្ខណៈពិសេស របស់សហគមន៍នៅតាមដងទន្លេ។

រូបថតទំាងនោះ រួមមាន អ្នកនេសាទ ដែលប្រថុយជីវិតជារៀងរាល់ថ្ងៃ ដើម្បីនេសាទរកត្រី ការធ្វើពាណិជ្ជកម្មនៅលើផ្ទៃទន្លេ ថ្ងៃលិចលើស្ពានមិត្តភាពភ្ជាប់ពីប្រទេសឡាវទៅប្រទេសថៃ ហ្វូងសត្វបក្សី សម្បុរខ្មៅ និងសោភ័ណភាពនៃព្រៃលិចទឹក។ រូបថតទាំងនេះ សុទ្ធតែបង្ហាញពីភាពសម្បូរបែបនៃតំបន់អាងទន្លេមេគង្គ។ រូបភាពនីមួយៗ សុទ្ធតែបានទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីចៅក្រម ដែលចូលរួមវិនិច្ឆ័យក្នុងពិធីប្រកួតប្រជែងរូបថតនេះ។

ដោយភ្ជាប់មកជាមួយនូវក្តីរំភើប លោកស្រី Catherine O’ Brine ដែលជាប្រធានគណៈកម្មាធិការរៀបចំ កម្មវិធីប្រកួតប្រជែងរូបថតនេះ មានប្រសាសន៍ក្នុងកម្មវិធីផ្តល់រង្វាន់ថា «រូបភាពទាំងនេះមានលក្ខណៈពិសេសម្យ៉ាង ដែលទាក់ទាញចិត្តអ្នកទស្សនា… វាជារូបភាព ដែលផ្លាស់ប្តូរការយល់ឃើញ និងបទពិសោធន៍របស់យើង»។

ពិធីប្រគល់រង្វាន់នេះ ត្រូវបានរៀបចំឡើងស្របគ្នាជាមួយនឹងពិពណ៌តាំងបង្ហាញរូបថត ដែលជាប់ចំណាត់ថ្នាក់លើគេចំនួន ៣០ សន្លឹក។ រូបភាពឈ្នះជ័យលាភីចំនួន ១២ សន្លឹក បានទទួលរង្វាន់ ដែលក្នុងនោះ រូបល្អលើសគេចំនួន៨ ទទួលបានរង្វាន់ជាសាច់ប្រាក់មានចាប់ពី ៥០ ដុល្លារ ទៅ ៥០០ ដុល្លារ។

ក្នុងចំណោមរូបភាពឈ្នះជ័យលាភីទំាង១២ មានរូប៣ សន្លឹកថតដោយអ្នកថតរូបជាតិកម្ពុជា គឺលោក ហ៊ូ សុខរ័ត្ននា ដែលឈ្នះរង្វាន់រូបថតល្អប្រចាំប្រទេស ដោយបានថតរូបពណ៌នាពីដើមឈើដុះ បណ្តែតខ្លួនក្នុងទន្លេមេគង្គនៅខេត្តស្ទឹងត្រែង។

លោក ខឹម រិទ្ធី ឈ្នះរង្វាន់រូបថតល្អសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ដែលបានថតរូបកសិករនៅតាមដងទន្លេមេគង្គ និងលោក ផាន ភារិទ្ធ ដែលឈ្នះរង្វាន់រូបថតល្អសម្រាប់គម្រោងធនធានទឹកចម្រុះដែរ ពីការថតរូបការរស់នៅតាម ដងទន្លេរបស់ជនជាតិចាម នៅកម្ពុជា។ ពួកគេទំាង៣ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីផ្តល់រង្វាន់នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ជាមួយវត្តមានភ្ញៀវកិត្តិយសជាង៧០នាក់ រួមទំាងភ្ញៀវអញ្ជើញមកពីតាមស្ថានទូត របស់បណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូហិរញ្ញវត្ថុរបស់គណៈកម្មការទន្លេមេគង្គ អ្នកជាប់ជ័យលាភីនីមួយៗ បានឈរនៅចំពោះមុខភ្ញៀវកិត្តិយសប្រកបដោយមោទនភាព ដើម្បីទទួលរង្វាន់។ ពេលដែលឮឈ្មោះរបស់ពួកគេ ពួកគេឈរញញឹមដាក់កាមារ៉ា ចាំឱ្យគេថតរូប។ ពិធីនេះផ្តល់ឱ្យអ្នកថតរូប ដែលទទួលបានជ័យលាភីមកប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នូវ មោទនភាព ភាពសប្បាយរីករាយ និងអំណរសាទរចំពោះស្នាដៃរបស់ខ្លួន។

លោកស្រី Kankeo Oupravanh ដែលជាជ័យលាភីម្នាក់ ក្នុងចំណោមអ្នកថតរូបជាប់ជ័យលាភីជាស្ត្រីពីរនាក់ ហើយជាអ្នកទទួលបានជ័យលាភីទីបី សម្រាប់រូបថតបែបមនោសញ្ចេតនា បង្ហាញពីស្រ្តីម្នាក់ដែលកំពុងរង់ចាំប្តីយកទូកមកទទួលទៅផ្ទះ នៅរៀងរាល់ល្ងាច បន្ទាប់ពីលក់ត្រីដែលចាប់ពីទន្លេមេគង្គរួច លោកស្រី បាននិយាយថា “ខ្ញុំមានមោទនភាពណាស់ ដែលបានឃើញរូបថតរបស់ខ្ញុំ ត្រូវបានគេដាក់តាំងបង្ហាញ និងស្គាល់មនុស្សជាច្រើននាក់ តាមរយៈការប្រកួតប្រជែងនេះ។ កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តឱ្យខ្ញុំថតរូបបន្ថែមទៀត ដើម្បីបង្ហាញពីទំនាក់ទំនងរវាងទន្លេនេះ ជាមួយនឹងជីវិតរបស់មនុស្ស។

រូបថតដែលឈ្នះជ័យលាភី ១២ សន្លឹក ត្រូវបានបង្ហាញក្នុងប្រតិទិនឆ្នាំ ២០១៨ របស់គណៈកម្មការទន្លេមេគង្គ ហើយរូបថត ដែលជាប់ចំណាត់ថ្នាក់ល្អជាងគេចំនួន ៣០ កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសាលទទួលភ្ញៀវនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សម្រាប់ឱ្យសាធារណជនចូល មើល។

ការតាំងពិពណ៌នេះ នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ពិតប្រាកដពីសាធារណជនទូទៅ។ ភ្ញៀវដែលចូលមកទស្សនារូបថតទាំងនេះ រីករាយក្នុងការដើរមើលសោភ័ណភាពដ៏អស្ចារ្យរបស់ទន្លេ មេគង្គ ធនធានទឹក និងធនធានផ្សេងទៀត របស់ទន្លេនេះ តាមរយៈម៉ាស៊ីនថត របស់អ្នកថតរូប។

លោក Kittipong Jirayoot ដែលជាភ្ញៀវម្នាក់មកពីទីក្រុងវៀងច័ន្ទ បាននិយាយថា «រូបថតទាំងនេះ តំណាងឱ្យតម្លៃនៃទន្លេមេគង្គ... រូបថតទាំងនេះធ្វើឱ្យខ្ញុំរំភើបដល់ក្រអៅបេះដូង និងរំឭកប្រាប់ខ្ញុំពីគុណតម្លៃ ដែលទន្លេមេគង្គផ្តល់ឱ្យយើងទំាងអស់គ្នា»។

កម្មវិធីប្រកួតរូបថត និងការតាំងពិពណ៌រូបថតនេះ គឺជាផ្នែកមួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គនៃគណៈកម្មការទន្លេមេគង្គ ក្រោមជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក ដែលបានសម្របសម្រួលកិច្ចសហប្រតិបត្តិការឆ្លងដែន ជុំវិញការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹករវាងប្រទេសមេគង្គទាំងបួន។ នេះ គឺជាកម្មវិធីប្រកួតប្រជែងលើកទីមួយ ដែលគណៈកម្មការទន្លេមេគង្គបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការសហការគ្រប់គ្រងធនធានទឹកឆ្លងដែន ដើម្បីការអភិវឌ្ឍតំបន់នេះ ប្រកបដោយចីរភាព។

បើទោះបីជាកម្មវិធីប្រកួតប្រជែងនេះ ត្រូវបានបញ្ចប់ទៅហើយយ៉ាងណាក៏ដោយ ពិពណ៌រូបថត នឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ ហើយនឹងមានការចែកជូនប្រតិទិនសម្រាប់ភ្ញៀវដែលចូលមកទស្សនា១០០នាក់ដំបូង៕ សម្រាប់អ្នកដែលមិនអាចចូលរួមទស្សនាការតាំងពិពណ៌ដោយផ្ទាល់ រូបថតដែលឈ្នះពាន់រង្វាន់ក្នុងទម្រង់អេឡិត្រូនិក ក៏មានបង្ហាញតាមរយៈប្រព័ន្ធអនឡាញផងដែរ៖ https://www.flickr.com/photos/156837968@N06/sets/72157667788776459