(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំមេបញ្ជាការ បញ្ជាការដ្ឋាន កងពលធំ កងពលតូច អង្គភាព ស្ថាប័ន ដែលឈរជើងនៅសមរភូមិទិសយោធភូមិភាគទី៤ ចូលរួមប្រជុំតាមវីដេអូរ និងស្តាប់នូវបទបញ្ជានានារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា គ្រាដែលប្រទេសកម្ពុជាទទួលរងនូវអាកាសធាតុចុះត្រជាក់ខ្លាំងនេះ នាយឧត្តមសេនីយ៍ គន់ គីម បាននិងកំពុងធ្វើដំណើរចុះសួរសុខទុក្ខកងទ័ពខ្មែរនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់មេបញ្ជាការតាមកងពល និងអង្គភាពនានា យកចិត្តទុកដាក់ឲ្យបានខ្ពស់លើសុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសាររបស់ពួកគេ៕