(កាប៊ុល)៖ ជនសកម្ម​ប្រយុទ្ធ​យ៉ាងតិច ២០នាក់បានស្លាប់ ក្នុងប្រតិបត្តិការវាយប្រហារ​តាមផ្លូវ​អាកាសរបស់កងទ័ព​អាហ្វហ្គានី​ស្ថាន នៅខេត្ត Helmand ភាគខាង​ត្បូងប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

បើតាមការឲ្យដឹង​ពីក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន កងទ័ពអាកាស​នៃកម្លាំងយោធាជាតិ បានបើកប្រតិបត្តិការ​​យ៉ាងក្តៅគគុក នៅសង្កាត់ Marja, Gereshk, និង Naway-i-Barakzai នៃខេត្ត Helmand នាថ្ងៃពុធម្សិលមិញ ដែលជាលទ្ធផល​បានផ្តាច់ជីវិត​ក្រុម​ភេរវករចំនួន ២០នាក់។

គួរជម្រាបថា ខេត្ត Helmand ត្រូវបានគេស្គាល់​ថា ជាសំបុកដ៏ធំមួយរបស់ពួកឧទ្ទាម​តាលីបង់។ កាលពីអំឡុងដើម​ខែធ្នូនេះ កង​កម្លាំង​ចម្រុះដឹកនាំ​ដោយអង្គការ NATO ក៏បានបើកការ​វាយប្រហារទៅ​លើ​ ទីតាំងផលិតគ្រឿងញៀន​មួយកន្លែង​របស់ពួកតាលីបង់​ផងដែរ​នៅក្នុងខេត្ត Helmand ដែលនា​ពេលនោះ បានកម្ទេចហេរ៉ូអ៊ីន​ ព្រមទាំងប្រភេទថ្នាំញៀន​ដទៃៗទៀត គិត​ជា​តម្លៃ​ប្រមាណ​ ០១​លាន​ដុល្លារ​​៕