(ប៉េកាំង)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបើកកិច្ចពិភាក្សា​ជាមួយមេដឹកនាំ​ចិន លោក ស៊ី ជិនពីង នៅរដ្ឋធានី​​ប៉េ​កាំង នាថ្ងៃព្រហស្បតិ៍​នេះ ដើម្បីព្យាយាមធ្វើ​ការផ្សះផ្សា​ទំនាក់ទំនង​រវាងគ្នា និងគ្នា ដែលបានជួបភាព​រកាំរកូសនោះឡើងវិញ ដោយ​សារ​តែ​​ការ​ដាក់​​​ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល​អាមេរិក THAAD ហើយក្នុងនោះក្រុមពាណិជ្ជករ មកពីក្រុមហ៊ុនយក្សធំៗ ប្រចាំកូរ៉េខាងត្បូង ក៏បានអមដំណើរទៅជាមួយផងដែរ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ​ សារ​ព័ត៌​មាន​ Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ការិយាល័យ​របស់ លោក មូន ធ្លាប់បាន​និយាយថា លោកប្រធានាធិបតី​កូរ៉េខាងត្បូង មានក្តីសង្ឃឹមថា នឹងអាចស្តារ​ចំណង​ទាក់ទង​ ក្នុងអំឡុងនៃដំណើរ​បំពេញ​ទស្សនកិច្ចនេះ បន្ទាប់ពីទីក្រុង​ប៉េកាំង មានការង្គាសចិត្តជាខ្លាំង ដោយសារតែការដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារមីស៊ីលកម្រិត​ខ្ពស់ THAAD ដែលត្រូវបានតម្លើង​​កាលពីប៉ុន្មានខែមុននេះ នៅឧបទ្វីបកូរ៉េ ដើម្បីការពារប្រទេស​កូរ៉េ​ខាងត្បូង ពីការគម្រាម​កំហែង​របស់កូរ៉េខាងជើង ដែលមានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងដៃ។

ទីក្រុងប៉េកាំង ដែលតាំងពី​ដើមមក​បានចាត់ទុកថា ប្រព័ន្ធមីស៊ីលនេះ គឺជាការគម្រាម​កំហែង​មួយដល់​សន្តិសុខជាតិ​របស់ខ្លួន ​បានចាប់ផ្តើម​ចាត់វិធានការ​តបតជា​បន្តបន្ទាប់ ប្រឆាំងនឹង​ក្រុមហ៊ុនអាជីវកម្ម​ ក៏ដូចជាក្រុមហ៊ុន​ទេសចរណ៍​របស់​កូរ៉េខាងត្បូង ​ដែល​ត្រូវបានគេមើល​ឃើញថា ជាការសងសឹក​ផ្នែក​សេដ្ឋកិច្ច។

គួរជម្រាបថា លោក មូន ជែអ៊ីន បាននាំមក​ជាមួយរូបលោកនូវ​​ក្រុមពាណិជ្ជករធំៗប្រចាំប្រទេស ដែលរួមមានថ្នាក់ដឹកនាំ​​មកពី​ក្រុម​ហ៊ុន Samsung, Hyundai, និង LG ជាដើម នៅក្នុងដំណើរ​បំពេញទស្សន​កិច្ចនេះ ដែលបានចាប់ផ្តើម​កាលពី​ថ្ងៃពុធ​ម្សិលមិញ និងជា​​ការ​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋលើកទីមួយ​របស់លោក មកកាន់​ប្រទេសចិន គិតចាប់តាំង​តែ​ពីលោក បានឡើងកាន់​អំណាច កាល​ពី​​ខែ​ឧសភា ឆ្នាំ២០១៧មក៕