(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនរបស់ជប៉ុនមួយ ឈ្មោះថា ស៊ូមីត្រូនិច (Sumitronics) ដែលបានបោះទុនវិនិយោគ២២លានដុល្លារនៅកម្ពុជា បាននិងកំពុងដំណើររោងចក្រផលិតខ្សែភ្លើង ក្នុងរថយន្ត (Wire Harness) បានថ្លែងនូវការកោតសរសើរ ចំពោះកម្លាំងពលករខ្មែរ ថា មានគុណភាព និងផលិតភាពការងារខ្ពស់។

ថ្លែងនូវការកោតសរសើរនេះ បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសដែល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អមដំណើរដោយ លោក ហូរីណូអ៊ឺឈី ហ៊ីដិហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានបំពេញទស្សនកិច្ច នៅរោងចក្រក្រុមហ៊ុន ស៊ូមីត្រូនិច (Sumitronics) ដែលមានទីតាំងស្ថិតនៅ ក្នុងសួនឧទ្យានបច្ចេកវិទ្យា ថេកណផាក ប៉ោយប៉ែត (Techno Park Poipet) នៃតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន ស៊ូមីត្រូនិច ជាក្រុមហ៊ុនជប៉ុន ដែលបង្កើតឡើងដោយសាខាក្រុមហ៊ុនជប៉ុន នៅប្រទេសថៃចំនួនពីរគឺ ក្រុមហ៊ុន Alpine Technologoy Manufacturing (Thailand) Co., Ltd និងក្រុមហ៊ុន Sumitronics (Thailand) Co., Ltd។ ក្រុមហ៊ុននេះបានទទួលគោលការណ៍វិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ក្រោមទុនវិនិយោគចំនួនប្រមាណ ២២លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមហ៊ុនមាន សកម្មភាពផលិតខ្សែភ្លើងក្នុងរថយន្ត (Wire Harness) សម្រាប់នាំចេញទៅបម្រើឱ្យរោងចក្រដំឡើងរថយន្តនៅប្រទេសថៃ និងមានបុគ្គលិកបម្រើការប្រមាណ៥០នាក់។

បើតាម CDC បានបញ្ជាក់ថាទៀតថា «នៅក្នុងកិច្ចពិភាក្សា លោក ម៊ីហ្វឺណិ ណូរីយ៉ា (Mifune Noriya) នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា គុណភាពនិងផលិតភាពរបស់កម្មករ ដែលកំពុងបម្រើការនៅក្នុងរោងចក្រនេះ ខ្ពស់ជាងការរំពឹងទុក។ នេះជាមោទនភាពរបស់កម្លាំងពលករកម្ពុជាយើង»

សូមបញ្ជាក់ថា ហូតដល់បច្ចុប្បន្ននេះ គម្រាងវិនិយោគជប៉ុន ដែលបានកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក បានបង្កើតការងារប្រមាណ ៣៦,០០០កន្លែង៕