(ស្វាយរៀង)៖ យុទ្ធនាការពិនិត្យ ព្យាបាល កម្មករនៅតាមរោងចក្រក្នុងខេត្តស្វាយរៀង ត្រូវបានបញ្ចប់ហើយ បន្ទាប់បានពិនិត្យ និងព្យាបាល កម្មករ-កម្មការីនីសរុប៤៣,៤២៥នាក់ ស្មើនឹង៩៩,២៩ភាគរយ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការពិនិត្យ និងព្យាបាលកម្មករនៅ តាមរោងចក្រក្នុងខេត្តស្វាយរៀង ត្រូវបានបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះ។ ក្នុងខេត្តស្វាយរៀង មានរោងចក្រសហក្រាសចំនួន៧០ ប៉ុន្តែរោងចក្រចំនួន៧បានបិទទ្វារ។ ក្នុងចំណោម៦៣រោងចក្រកំពុងដំណើរការ មានកម្មករកម្មការីនីសរុប៤៣.៧៣៦នាក់។

បើតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា យុទ្ធនាការពិនិត្យ ព្យាបាល ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានពិនិត្យ ព្យាបាល កម្មករ កម្មការីនី សរុប ៤៣.៤២៥នាក់ ស្មើនឹង៩៩,២៩ភាគរយ ។ គិតជាមធ្យមក្នុងមួយថ្ងៃ ក្រុមគ្រូពេទ្យ ពិនិត្យ ព្យាបាលកម្មករបានជិត ២ពាន់នាក់។

លោកបន្ថែមថា ការពិនិត្យ ព្យាបាលនេះ បានប្រើប្រាស់ក្រុមគ្រូពេទ្យចំនួន៥ក្រុម ដែលមានក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ។ ក្រុមគ្រូពេទ្យចុះមកពិនិត្យព្យាបាលជំងឺដល់កម្មករ-កម្មការិនី ដោយមិនគិតថ្លៃដល់ទីកន្លែងរោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ចំណេញទាំងពេលវេលា និងថវិកា។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា សូមកោតសសើរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានចំណាយពេលវេលា កំលាំងកាយចិត្ត ចំណេះដឹង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសាមគ្គីភាពគ្នាយ៉ាងល្អ បានធ្វើឱ្យយុទ្ធនាការ ពិនិត្យ ព្យាបាល កម្មករ នៅតាមរោងចក្រក្នុងខេត្តស្វាយរៀង បានទទួលជោគជ័យយ៉ាងត្រចះត្រចង់។

លោកវេជ្ជបណ្ឌិត សូមថ្លែងអំណរគុណដល់មន្ទីរការងារខេត្តស្វាយរៀង ដែលបានជួយសហការសម្របសម្រួល ជាមួយនាយករោងចក្រ ផ្តល់ឱកាសនិងពេលវេលា អនុញ្ញាតិឱ្យក្រុមគ្រូពេទ្យបានពិនិត្យ ព្យាបាល កម្មករ សម្រេចតាមផែនការកំណត់។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា សូមថ្លែងអំណេគុណដល់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា និងឱសថ បរិក្ខារពេទ្យ ដល់យុទ្ធនាការនេះ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីការចុះមកពិនិត្យស្ថានភាព ផ្តល់សេវានៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងរោងចក្រមួយចំនួន នៅក្នុងខេត្តស្វាយរៀងដោយផ្ទាល់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានគម្រោងផ្តល់អគារ និងផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យ រថយន្តសង្គ្រោះ ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលស្ថិតនៅជិតរោងចក្រ និងតំបន់ដែលមានកម្មកររស់នៅច្រើន៕