(ភ្នំពេញ)៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ សហគ្រិនជោគជ័យវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុនចំនួន៥ នៅកម្ពុជា បានលើកឡើង និងជំរុញយុវជនទាំងអស់ ដែលមានបំណងចង់បើកអាជីវកម្ម ឲ្យទទួលបានជោគជ័យគួរតែចងចាំនូវពាក្យពីរឃ្លានេះ គឺ «ទ្រាំអ្វីដែលអ្នកដទៃទ្រាំមិន​បាន និងធ្វើអ្វីដែលអ្នកដទៃធ្វើមិនបាន» មានន័យថា នៅពេលដែលយើងអាចធ្វើ និងទ្រាំបាននោះ ឱកាសនឹងរត់មករក ហើយនេះជាផ្លូវ​ឆ្ពោះ​ ទៅកាន់ភាពជោគជ័យ។

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មាន Fresh News ក្នុងកម្មវិធីសង្គម និងសេដ្ឋកិច្ច លោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានឲ្យដឹងថា «មុននឹងបើកអាជីវកម្មផ្ទាល់ខ្លួន យុវជនគួរតែធ្វើការឲ្យគេ ដើម្បីដកបទពិសោធន៍សិន មានន័យថា ត្រូវធ្វើអ្វី​ដែលអ្នក​ដទៃធ្វើមិនបាន ទ្រាំអ្វីដែលអ្នកដទៃទ្រាំមិនបាន....សូមកុំឲ្យឱកាសកន្លងផុតទៅឲ្យសោះ ព្រោះដើម្បីឲ្យមានឱកាសទាល់ តែយក​ឱកាសទៅបង្កើតឱកាស»។

លោកបន្ដថា ប្រសិនបើយុវជនកំពុងស្ថិត ក្នុងការសិក្សាវិទ្យាល័យ ឬសាកលវិទ្យាល័យត្រឹមកម្រិតឆ្នាំទី១ ឬទី២ ត្រូវគិតឲ្យច្បាស់ថា តើយើងចង់បានអ្វី? ចង់ជោគជ័យកម្រិតណា? ចង់ជោគជ័យក្នុងផ្នែកអី? ប្រសិនបើការអនុវត្តន៍របស់យើងជួបភាពបរាជ័យ​ សូមកុំបាក់ទឹកចិត្ត និងបោះបង់ចោលឲ្យសោះ ត្រូវតែតស៊ូឡើងទ្វេដង ព្រោះការបោះបង់ចោល គឺជាកត្តាមួយដែលនាំឲ្យ បរាជ័យជារៀងរហូត។

លោកបានបញ្ជាក់ទៀតថា «យុវជនគួរតែធ្វើអ្វីដែល អ្នកដទៃធ្វើមិនបាន មានន័យថា ប្រសិនបើយុវជនកំពុងសិក្សាគួរតែខំប្រឹង ទៅ​ធ្វើ​ការងារស្ម័គ្រចិត្ត ឬការងារដែលពាក់ព័ន្ធ និងមុខជំនាញដែលកំពុងសិក្សា ដើម្បីជាគន្លឹះ និងជាគោលបន្ដិចបន្ដួច ក្នុងការទៅធ្វើការ​ ឬធ្វើអ្វីនៅថ្ងៃក្រោយ»។

លោកបន្ថែមទៀតថា មុននឹងបើកអាជីវកម្ម គួរតែសួរខ្លួនឯងជាមុនសិនថា តើខ្លួនយើងអាចតស៊ូកម្រិតណា? គោលដៅមានប៉ុណ្ណា? អ្វី​ដែលសំខាន់បំផុត គឺទីផ្សារ ការបើកអាជីវកម្ម ត្រូវតែយល់ឲ្យច្បាស់ពីទីផ្សារ ព្រោះដើម្បីឲ្យអាជីវកម្មដែលគ្រោងនឹងបើក ឬកំពុងតែបើកទទួលបានភាពជោគជ័យ។

សូមបញ្ជាក់ថា លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បច្ចុប្បន្ននេះ ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា ដែលជា​អគ្គនាយក​គ្រប់គ្រង​ក្រុម​ហ៊ុនចំនួន​៥​ នៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ CSS Real Estate LLC, ហាងបញ្ចាំមហាសេរី Pawn shop, Luxury Smile, ក្រុម​ហ៊ុនទទួលផលិតផលិតផលសម្ភស្ស និងជាម្ចាស់ហាងកាហ្វេ Monsne Café Cambodia៕