(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិចំនួន៩រូប ដោយពួកគេទាំងអស់ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងហៅលោក កឹម សុខា ព្រមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិទៀតផង។

ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៩នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយ បក្សកាន់អំណាចនោះ រួមមាន៖

ទី១៖ ខេត្តកំពង់ធំចំនួន៣នាក់ (ចៅសង្កាត់ម្នាក់ ជំទប់ទី១ម្នាក់ និងសមាជិកក្រុមប្រឹក្សាម្នាក់) នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន,
ទី២៖ ខេត្តកំពង់ចាមមានចំនួន២នាក់ គឺជំទប់ទី១ ឃុំខ្ចៅ ស្រុកកងមាស​ និងជំទប់ទី១ ឃុំគោករៀង ស្រុកជើងព្រៃ,
ទី៣៖ ខេត្តព្រះវិហារម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំឆែប១ ស្រុកឆែប,
ទី៤៖ នៅខេត្តត្បូងឃ្មុំមានម្នាក់ គឺសមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក,
ទី៥៖ នៅខេត្តកំពតមានម្នាក់ គឺជំទប់ទី២ ឃុំតាកែន ស្រុកឈូក ខេត្តកំពត
ទី៦៖ នៅខេត្តបន្ទាយមានជ័យ មានម្នាក់ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបផងដែរ សម្រេចផ្លាស់ប្តូរជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ, លោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ, លោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវម្នាក់ផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕