(ភ្នំពេញ)៖ ទីតាំងសត្តឃាតបោចមាន់លក់ដ៏ធំមួយកន្លែង ប្រហែលជាអាចប្រឈមការបិទអាជីវកម្ម កសិកម្មចោល បន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំមន្ត្រីជុំនាញពាក់ព័ន្ធចុះត្រួតពិនិត្យជាក់ស្ដែង ហើយរកឃើញថា លិខិតអនុញ្ញាតហួសសុពលភាពទៅហើយ ពិសេសមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ១៩គ្រួសារ ដើម្បីឲ្យផ្លាស់ប្ដូរទីតាំងចេញ ដោយសារជះក្លិនស្អុយយ៉ាងខ្លាំង និងសូរសម្លេងម៉ាស៊ីនបោចមាន់រំខាន តាំងពីរម៉ោង១យប់ រហូតដល់ទាបភ្លឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ការរស់នៅអ្នកក្បែរជិតខាង។

លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យជាក់ស្ដែងចំពោះទីតាំង «សត្តឃាតមាន់» ខាងលើនេះ បានអនុវត្តឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ មានម្ចាស់ជាអាជីវករឈ្មោះ សុខ សុគន្ធ អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុផ្ទះលេខ៤៨៩ ក្នុងក្រុម៥ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានសមាសភាពចូលរួមពីអនុប្រធានអន្តរវិស័យខណ្ឌ លោក លឹម សាមឌី តំណាងប្រធានការិយាល័យ លោក ស្មាស រិទ្ធី ប្រធានការិយាល័យកសិកម្មខណ្ឌ លោក តាំង រត្ថា ប្រធានបសុពេទ្យប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធ លោក ហ៊ី រតនា លោក ចៅ ឡាស្កាន លោក ជា សារ៉ាត់ លោក ចែម សុវណ្ណនេត និងលោកស្រីមេភូមិ ទៀង សុភ័ណ្ឌ ផងដែរ។

លោក ជា ពិសី បានថ្លែងថា ការចាត់វិធានការចុះស្រាវជ្រាវលើសកម្មភាព សត្តឃាតបោចមាន់ តាមជាក់ស្ដែងមន្ត្រីជំនាញពាក់ព័ន្ធរកឃើញថា លិខិតអនុញ្ញាតហួសសុពលភាព និងជះក្លិនស្អុយយ៉ាងខ្លាំង ជាពិសេសបង្កជាសូរសម្លេងម៉ាស៊ីនបោចមាន់រំខានតាំងពីម៉ោង១យប់ រហូតដល់ទាបភ្លឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជាម្ចាស់បណ្ដឹង១៩គ្រួសារ ដោយតម្រូវឲ្យលោក សុខ សុគន្ធ ជាម្ចាស់អាជីវកម្ម កសិកម្ម ធ្វើបែបបទស្នើសុំលិខិតអនុញ្ញាតជាមុនសិន ព្រមទាំងធ្វើការកែសម្រួលផ្នែកបច្ចេកទេសយ៉ាងណា ដាច់ខាតកុំឲ្យប៉ះពាល់ ឫមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ទើបអាចដំណើរការអាជីវកម្ម កសិកម្ម សត្តឃាតបោចមាន់ បន្តទៀតបាន បើមិនដូច្នេះទេ អាចប្រឈមការបិទចោល ឫផ្លាស់ប្ដូរទីតាំងចេញមិនខានឡើយ៕