(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ សូមថ្កោលទោសយ៉ាងដាច់អហង្កាទៅ នឹងសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម ឃ្លីបវិដេអូមួយទៀត កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកថា ការអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុង មកកាន់រដ្ឋាភិបាលកម្ពុជានេះគឺ ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះគឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ តែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៏សង្គមជាតិឡើយ។

ក្នុងនាមកងកម្លាំងនរគបាលអត្តសញ្ញាណកម្ម មិនអាចបែរកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់បាននោះទេ មានតែបែរកាណុងត្រៀមកម្ទេចពួកក្បត់ជាតិ ដែលហ៊ានឃុបឃិតជា​មួយបរទេស មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ឆ្លើយតបទៅនឹងកិច្ចការនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជានាយកដ្ឋានជំនាញទាំងអស់ ឲ្យបានដឹងអំពីឧបាយកល និងសកម្មភាពរបស់ក្រុមក្បត់ជាតិទាំងអស់នោះផងដែរ។

«ក្នុងនាមជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕