(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលមនុស្ស២នាក់ស្លាប់ ខណៈមនុស្ស១នាក់របួសស្រាល និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច៣គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣៨លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៥៦នាក់ របួសធ្ងន់ចំនួន១៣៣នាក់ និងរបួសស្រាលចំនួន៥២នាក់៕