(ភ្នំពេញ)៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត រៀបចំនូវវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណង ដើម្បីបញ្ជៀបការយល់ដឹងពី វិធីបង្ការជំងឺមហារីក ដល់ប្រជាពលរដ្ឋកម្ពុជា។

លោក ស្រ៊ាង គីមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជារៀងរាល់ឆ្នាំតែងប្រារព្ធធ្វើកម្មវិធីសង្គមផ្សេងៗ ដែលមានគោលបំណងចូលរួម ចំណែកដោះស្រាយបញ្ហាចំបងនានា ដែលកើតមានឡើងក្នុងសង្គមកម្ពុជា។​

ជាមួយគ្នានេះ លោក ស្រ៊ាង គីមលី បានបន្ថែមទៀតថា ឆ្លើយតបញ្ហាជំងឺមហារីកដ៏កាចសាហាវនេះ គម្រោងដែលមានឈ្មោះថា Cancer Remembrance Appeal for the Needy ឬហៅកាត់ថាគម្រោង CRANE នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការ ដ៏ជិតស្និតរវាង សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងសំខាន់ ៣ យ៉ាងគឺ ៖

១៖ ជាការរំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារជំងឺមហារីកនៅកម្ពុជា
២៖ ដើម្បីស្វែងរកថវិកាសប្បុរសធម៌ ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ ពីជំងឺមហារីកនៅមជ្ឈមណ្ឌលជាតិ ជំងឺមហារីកកម្ពុជា
៣៖ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ស្តីអំពីការបង្ការជំងឺមហារីក

បើតាមលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគដុំសាច់ មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា នោះគឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ និងមហារីកក្រអូមមាត់។ ចំណែកជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុត លើបុរសកម្ពុជាវិញនោះ មានមហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ មហារីកក្រពះ មហារីកកូនកណ្តុរ និងមហារីកក្រអូមមាត់។ ជំងឺមហារីកទាំងអស់ខាងលើនេះ (លើកលែងមហារីកកូនកណ្តុរ) សុទ្ធសឹងជាជំងឺមហារីក ដែលអាចបង្ការបានមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើប្រជាពលរដ្ឋយល់ដឹង ពីការបង្ការជំងឺមហារីកបានគ្រប់គ្រាន់។

លោកសាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានបញ្ជាក់ថា «ឃាតករមួយក្នុងចំណោមឃាតករទាំង១០ ដែលសម្លាប់ប្រជាជនខ្មែរ ច្រើនជាងគេបំផុត គឺជំងឺមហារីក។ ស្ថិតិចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមានប្រជាជនកម្ពុជា ប្រហែល១៥,០០០នាក់ កើតជំងឺមហារីក និងជាង១០,០០០នាក់បានស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ»។

លោកសាស្ត្រាចារ្យបន្តថា ជំងឺមហារីកជាជំងឺដ៏កាចសាហាវ ដែលគ្មានវិធីព្យាបាលជាទេនៅពេលជំងឺនេះ កើតដល់ដំណាក់កាលចុងក្រោយ ដូច្នេះវិធានការដែលមានប្រសិទ្ធិភាពបំផុត ក្នុងការបង្ក្រាបជំងឺនេះគឺការបង្ការ និងរុករកជំងឺនៅដំណាក់កាលដំបូង។ ដើម្បីឲ្យការបង្ការមានប្រសិទ្ធិភាព ប្រជាជនត្រូវមានការយល់ដឹងខ្ពស់ អំពីហនិភ័យផ្សេងៗ ដែលបណ្តាលឲ្យកើតជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមយុវជនអាស៉ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងការរៀបចំវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» ដ៏មានសារសំខាន់នេះ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វេទិកាសុខភាពនេះ ធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាល កំពុងតែខិតខំបញ្ជៀបការយល់ដឹងឲ្យ បានទូលំទូលាយ លើកិច្ចការពារជំងឺមិនឆ្លងនេះ ជាពិសេសគឺជំងឺមហារីកតែម្តង ដែលជាជំងឺរ៉ំារ៉ៃបង្កឲ្យមានពិការភាព បាត់បង់សមត្ថភាព និងលទ្ធភាពធ្វើការងារ ដែលជាកត្តាមួយជំរុញឲ្យមានក្រីក្រ និងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ការព្យាបាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្តល់នូវអនុសាសន៍ចំនួន៨ ដើម្បីបង្ការជំងឺមហារីករួមមាន៖

១៖ សូមនាំគ្នាចូលរួមធ្វើឲ្យប្រសើរឡើង នូវរបៀបរបបនៃការហូបចុករស់នៅ ប្រកបដោយអានាម័យល្អ និងម្ហូបអាហារមានផាសុខភាព ដែលវាជាផ្នែកមួយនៃការបង្កឲ្យជំងឺមហារីក។

២៖ ចូលរួមជំរុញការបង្កើននូវការយល់ដឹង អំពីម្ហូបអាហារមិនល្អ សម្រាប់សុខភាព។

៣៖ រួមគ្នាប្រើប្រាស់ ឬទិញផលិតផលម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ដើម្បីសុខភាពយើងទាំងអស់គ្នា។

៤៖ ចូលរួមរក្សាសុខភាពតាមរយៈការធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ។

៥៖ បង្កើនចំណេះដឹងពីបញ្ហាសុខភាព និងការការពារជំងឺ រួមទាំងគ្រោះថ្នាក់សុខភាពបណ្តាលមក ពីការបំពុលបរិស្ថាន នៅក្នុងអាគារ ព្រមទាំងជំរុញបង្កើនសុខភាព ពេលប្រកបមុខងារ។

៦៖ ជំរុញកិច្ចសហការអន្តរវិស័យ ដើម្បីឆ្លើយតប និងធ្វើអន្តរាគមន៍ទៅលើបញ្ហា សុខភាពសារធារណៈរួមទាំង មូលហេតុដែលបង្កឲ្យមានជំងឺមហារីកនេះ បានទាន់ពេលវេលា។

៧៖ សម្រាប់ស្ត្រី ត្រូវចូលរួមធ្វើការរុករកដោយខ្លួនឯង នូវជំងឺមហារីកដោះ និងចូលរួមត្រួតពិនិត្យជាប្រចាំនូវជំងឺមហារីកស្បូន ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។

៨៖ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការកើតឡើងនូវជំងឺមិនឆ្លង សូមចងចាំចំណុចសំខាន់ៗ ដែលលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែណែនាំប្រជាពលរដ្ឋទូទៅ គឺសូមកុំបរិភោគអាហារដែលមានជាតិប្រៃពេក កុំហូបផ្អែមពេក និងកុំពិសារអាហារដែលមានខ្លាញ់។ ការធ្វើលំហាត់ប្រាណជាប្រចាំ នឹងនាំមកនូវសុខភាពល្អ៕