(ជប៉ុន)៖ ក្រុមសង្គ្រោះបានបន្តការស្រាវជ្រាវស្វែងរកជនជាតិឥណ្ឌា១១នាក់ ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍លិចនាវា ដោយសារព្យុះទីហ្វុងនៅក្បែរកោះ អូគីណាវ៉ា ចន្លោះរវាងជប៉ុន និងហ្វីលីពីន នេះបើយោងតាមព័ត៌មានពីឆ្មាំល្បាតរបស់ជប៉ុន ដកស្រង់ដោយសារព័ត៌មានឥណ្ឌា ចេញផ្សាយក្នុងរយៈពេលប៉ុន្មាននាទីមុននេះ។

នាវានោះឈ្មោះថា Emerald Star ប្រភេទទំងន់ ៣៣,២០៥តោន មានជនជាតិឥណ្ឌា២៦នាក់ បានបញ្ជូនសញ្ញាស្នើសុំជំនួយ នៅពេលជួបហេតុការណ៍ គ្រោះថ្នាក់។ សេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្ស១៥នាក់ក្នុងចំណោម២៦នាក់ ត្រូវបានជួយសង្គ្រោះហើយ។

ឆ្មាំល្បាតជប៉ុន បានឱ្យដឹងថា ខ្លួនបានបញ្ជូនទូកល្បាតទៅចំនួនពីរគ្រឿង និងយន្តហោះចំនួន៣គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវ និងជួយសង្គ្រោះ ជាអកុសលខ្យល់ព្យុះទីហ្វុង ធ្វើឱ្យប្រតិបត្តិការសង្គ្រោះនេះមានការលំបាកជាខ្លាំង៕