(​​ភ្នំពេញ)៖ ក្រុមហ៊ុនជួយផ្សព្វផ្សាយម៉ាកយីហោដ៏ល្បីមួយ របស់សិង្ហបុរី «Brands Alliance»បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងប្រទេសកម្ពុជា ដោយបានបើកសម្ពោធ​​ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ នេះ នៅសណ្ឋាគារ Raffles Le Royal ដោយមានភ្ញៀវកិត្តិយស ភាគច្រើនជាអ្នកជំនួញ អញ្ជើញចូលរួមជាង១៦០រូប ។ Brands Alliance បានបង្ហាញឲ្យឃើញនូវសក្តានុពលរបស់ខ្លួន ក្នុងការបំពេញតួនាទីដ៏សំខាន់​ក្នុងវិស័យ សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា។

អ្នកគ្រប់គ្រងជាន់ខ្ពស់លោក Hasel Hu បានថ្លែងថា «នៅក្នុងអាជីវកម្មទាំងអស់ ក្រៅពីគុណភាពផលិតផល និងសេវាកម្មនៅមានគន្លឹះដ៏សំខាន់​មួយទៀតនោះ គឺ​កិត្តិនាមនៃនិមិត្តសញ្ញា ព្រោះវាជាកត្តាកំណត់ទីតាំងឈជើង នៃអាជីវកម្មរបស់អ្នកក្នុងទីផ្សារ ដែលពោពេញដោយការ​ប្រកួតប្រជែង​ជានិច្ច។ ប្រសិនបើអ្នកកំណត់ទីតាំង​រ​បស់ខ្លួន បានត្រឹមត្រូវ អ្នកនឹងអាចក្លាយជា​អ្នកដឹកនាំ ឬឈានមុខគេនៅក្នុងទីផ្សារ​ទាំងនោះ។ មូលហេតុនេះហើយ​ទើប Brands Alliance មានវត្តមាននៅទីនេះ គឺដើម្បីជំរុញឲ្យសហគ្រាស ទាំងអស់រីកចម្រើនជាមួយគ្នា»

លោកបន្តថា តាមរយ:ទំនុកចិត្ត ពីអង្គភាពជាច្រើន Brands Alliance នឹងនាំមកនូវភាពជោគជ័យ ក៏ដូចជាការទទួលស្គាល់ជាផ្លូវការ ដើម្បីនាំអាជីវកម្មរបស់អ្នកឆ្ពោះ ទៅកាន់ការសម្រេចគោលដៅ ប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងចំណោមមហាជនតែម្តង។ ជាមួយគ្នានេះដែរ យើងក៏នឹងលើកទឹកចិត្ត រួមទាំងជំរុញដល់សហគ្រិនជំនាន់ថ្មីជាច្រើនទៀត ដែលកំពុងតែប្រឡូក ក្នុងវិស័យឧស្សាហកម្មឆ្ពោះទៅកាន់យុគ​សម័យថ្មីមួយ ដែលហៅថាជា យុគសម័យមាស នៃសហគ្រិនភាព នៅកម្ពុជា។

លោក Hansel Hu បានបន្ថែមទៀតថា «ជាមួយនឹងការសម្ពោធជាផ្លូវការនេះ សាធារណជនទូទៅ នឹងអាចមើលឃើញយ៉ាងច្បាស់ នូវសក្តានុពល ក៏ដូចជាការទទួលស្គាល់ជាផ្លូវការ តាមរយ: Cambodia Successful Brands Awards in 2018/2019»

សូមបញ្ជាក់ថា ភ្ញៀវកិត្តិយសដែលមានវត្តមាន ចូលរួមសុទ្ធតែជា ឥស្សរជនមកពីប្រទេសកម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី, តៃវ៉ាន់, ជប៉ុន, ថៃ និង ចិន។ គ្រប់បណ្តាអាជីវកម្ម ដែលកំពុងឈានមុខគេនៅតំបន់ទាំងនេះ ក៏នឹងក្លាយជាដៃគូចូលរួមគាំទ្រ ដល់សកម្មភាពអាជីវកម្មរបស់ Brans Alliance នៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយ:ការរួមបញ្ចូលគ្នា រវាងបណ្តាញដ៏សកម្ម និងការគាំទ្រពីសហគ្រាសឈានមុខក្នុង​តំបន់ និងឆាកអន្តរជាតិ នឹងអាចផ្តល់ដល់នូវតម្រូវការគ្រប់យ៉ាង ដែលអាជីវកម្មក្នុងស្រុកកំពុងត្រូវការ ព្រមទាំងដើម្បីរួមចំណែក លើកតម្កើងទីផ្សារ និងនាំមកនូវបទពិសោធន៍ថ្មីៗ ដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា Brands Alliance នឹងផ្តល់ជូនអតិថិជននូវការទទួលស្គាល់ផ្សេងទៀត ដែលរួមមានទាំងលើវិស័យម្ហូបអាហារ និងបដិសណ្ឋាកិច្ចផងដែរ​ ពោលវាដូចជាអ្វីដែល លោក Hu បានលើកឡើងរួចមកហើយនោះ គឺ​មហាជននឹងបានជួបនូវភាពរំភើប នៃការអភិវឌ្ឍន៍ថ្មីៗនាអនាគតដ៏ខ្លីខាងមុខ។

សហគ្រាស ដែលទើបតែសម្ពោធជាផ្លូវការ​នេះ មានគោលបំណងក្លាយខ្លួន ជាផ្នែកមួយនៃវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដោយនាំមកនូវបណ្តាញអាជីវកម្ម ដ៏ជោគជ័យប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបញ្ចូលអាជីវកម្ម និងសហគ្រិននានា ឲ្យក្លាយជាចង្កោមតែមួយក្នុងគោលដៅ កសាងគុណតម្លៃ ការទទួលស្គាល់ ព្រមទាំងការច្នៃប្រឌិត ស្របទៅតាមបរិបទ នៃកាលានុវត្តភាពអាជីវកម្ម។

ការចែករំលែកព័ត៌មាន​តាមរយ: Brands Alliance ត្រូវបានធ្វើឡើងក្នុងបណ្តុំ នៃអាជីវកម្មជាច្រើនដែលទទួលបានជោគជ័យដ៏​អស្ចារ្យ ក្នុងបំណងនាំមកនូវបុគ្គលិកល្អៗ ដើម្បីចូលរួមក្នុងដំណើរឆ្ពោះទៅមុខឥតឈប់ឈរ ប្រកបដោយវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា។

​Brands Alliance ត្រូវបានបង្កើតឡើង ដើម្បីជំរុញ​ការទទួលស្គាល់អាជីវកម្ម និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីទាំង
មូល។ Brands Alliance នឹងនាំមកនូវ​ទ​ស្សនាទាន នៃការបង្កើតថ្មី និងទំនើបកម្ម រួមទាំងកិត្តិនាមនិមិត្តសញា និងយុទ្ធសាស្ត្រទីផ្សារ​ផងដែរ៕