(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម គឹម រ័ត្នណារិន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហ៊ន សុខហេង ដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងបង្គាប់ឲ្យសងសំណងជាប្រាក់ទៅគ្រួសារជនរងគ្រោះចំនួន៨០លានរៀល ក្រោមបទចោទ «ឃាតកម្មមានស្ថានទម្ងន់ទោស តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ» ដែលមានលោក រៀល សុភិន ជាតំណាងអយ្យការ។

ជនជាប់ចោទ ហ៊ន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនកោះដាច់។ មុនពេលត្រូវចាប់ខ្លួន រស់នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះមានឈ្មោះ ឌ.ត អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៣ខ នៃសាលាបឋមសិក្សាសម្តេចឪ រស់នៅជាមួយឪពុកម្តាយភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្បាលកោះឆ្នេរកំសាន្ត ក្រុមទី៦ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យោងតាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ប្រជាពលរដ្ឋបាន ប្រទះសពក្មេងស្រីរងគ្រោះខាងលើ អណ្តែកក្នុងទន្លេ នៅចំណុចភូមិចុះកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះដើរមកពីសាលារៀន សំដៅទៅផ្ទះម្នាក់ឯង លុះដល់ចំណុចកើតហេតុខាងលើ ជនជាប់ចោទបានហៅជនរងគ្រោះ មកជិះម៉ូតូជាមួយ រួចឌុបជនរងគ្រោះ ទៅច្រាំងទន្លេជាកន្លែងស្ងាត់ ហើយសុំជនរងគ្រោះរួមភេទ ប៉ុន្ដែជនរងគ្រោះមិនព្រម ពេលនោះ ជនជាប់ចោទបានចាប់ក្រៀកឱបជនរងគ្រោះផ្ដួលទៅលើដី តែជនរងគ្រោះបានរើបំរាស់រួច ក៏រត់ចេញពីជនជាប់ចោទ។

ដោយខ្លាចជនរងគ្រោះនិយាយប្រាប់ឪពុកម្ដាយ ទើបជនជាប់ចោទបានដេញតាមចាប់ជនរងគ្រោះបាន រួចចាប់ច្របាច់ក និងអូសទៅច្រមុជទឹកសម្លាប់ចោលក្នុងទន្លេតែម្តង៕