(រីយ៉ាត)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ការបាញ់ប្រហារមួយនៅក្បែរព្រះបរមរាជវាំងក្នុងទីក្រុង Jeddah បានបណ្ដាលឱ្យឆ្មាំសន្តិសុខ០២នាក់ បាត់បង់ជីវិត និង០៣នាក់ផ្សេង ទៀតរងរបួស ខណៈខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានបាញ់សម្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រមាណ ១៥៖១៥នាទី កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ រីឯក្រសួងមហា ផ្ទៃអារ៉ាប៊ីសាអូឌីតក៏បានអះអាងដែរថាបុរសជាខ្មាន់កំាភ្លើងមានឈ្មោះថា Mansour al-Amri​ អាយុ២៨ឆ្នាំ ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត ហើយត្រូវឆ្មាំសន្តិសុខបាញ់សម្លាប់ នៅពេលរូបគេបាញ់ប្រហារលើអាជ្ញាធរ និងព្យាយាមសំរុកចូលច្រកទ្វារព្រះរាជវាំង Al Salam ក្នុងទីក្រុង Jeddah។

គួរបញ្ជាក់ថា មុនការបាញ់ប្រហារនេះ ស្ថានទូតអាមេរិកប្រចំាអារ៉ាប៊ីសាអូឌីត បានចេញសេចក្ដីព្រមានមួយដល់ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន ក្រោយទទួលបានសេចក្ដីរាយការណ៍ មិនផ្លូវការមួយថាអាចនឹងមានការវាយប្រហារនៅក្នុងតំបន់។ «ក្រោមហេតុផល ដែលប៉ូលិសកំពុងបន្តសកម្មភាព ពលរដ្ឋអាមេរិក ត្រូវបានផ្ដល់យោបល់ឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើ ដំណើរឆ្លងកាត់តំបន់»។ នេះបើតាមសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយរបស់ស្ថានទូតអាមេរិក។​ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយថាករណីបាញ់ប្រហារនេះមានចេតនាអ្វី ឱ្យប្រាកដ ឬមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ឬក៏យ៉ាងណានោះ៕