(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានអះអាងថាហេតុការណ៍រថយន្ដបើកបំបុកដែលបង្កឱ្យមនុស្ស១១នាក់រងរបួសមិនមែនជាអំពើភេរវកម្មនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

យោងតាមប៉ូលិសអង់គ្លេស កាលពីថ្ងៃសៅរ៍ រថយន្ដToyota Prius​ ពណ៌ខ្មៅមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សនៅលើផ្លូវ Exhibition Road ខាងក្រៅសារមន្ទី Natural History Museum ក្នុងតំបន់ South Kensington ស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍។ ចំណែកឯ វីដេអូត្រូវបានគេបង្ហោះនៅលើ Twitter​ ក៏បានបង្ហាញដែរថាបុរសម្នាក់ដែលគេជឿជាក់ថាជាម្ចាស់ រថយន្ដនេះ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ក៏ប៉ុន្តែប៉ូលិសនិយាយថាវាគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ ខណៈរូបគេត្រូវបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលិសមួយនៅភាគខាងជើង ទីក្រុងឡុងដ៍ ដើម្បីសួរចម្លើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នការគំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងប្រទេសអង់គ្លេសគឺស្ថិតនៅក្នុងកំរិតធ្ងន់ធ្ងរ ឬកំរិតខ្ពស់បំផុតទី០២ ដែលនេះមានន័យថាការវាយប្រហារអាចនឹងកើតឡើង គ្រប់ពេលវេលា៕

">