(ភ្នំពេញ)៖ ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិកំពុងជាប់ពន្ធនាគារ ព្រោះតែទង្វើក្បត់ជាតិ, នៅថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានទម្លាយរឿងដ៏សំខាន់មួយគណបក្សរបស់លោកនឹងរៀបចំដាក់ពាក្យ បណ្តឹងប្តឹងទៅកាន់តុលាការ កំពូលដើម្បីស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ព្រោះតែប្រធានគណបក្សមួយនេះបានប្រព្រឹត្តិទង្វើក្បត់ជាតិ។

លោក ពេជ្រ ស្រស់ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ក្រោយពីបើកអង្គប្រជុំពិសេសមួយជាមួយក្រុមការងារនៅខេត្តត្បូងឃ្មុំ គណបក្សយុវជនកម្ពុជា បានសម្រេចគាំទ្រទាំងស្រុងចំពោះការប្តឹងឲ្យរំលាយ គណបក្សសង្រ្គោះជាតិចោល ពីព្រោះថាប្រធានគណបក្សមួយនេះបានប្រព្រឹត្តអំពើ ខុសច្បាប់ យ៉ាងធ្ងន់ធ្ងរដែលមិនអាចលើកលែងឲ្យបានដោយហេតុថា ប្រធានគណបក្សសង្រ្គោះជាតិនេះបានប្រព្រឹត្តអំពើក្បត់ជាតិ»។

ប្រធានគណបក្សយុវជនកម្ពុជាដដែលរូបនោះ បានបញ្ជាក់បន្ថែមថា ប៉ុន្តែការសម្រេចប្តឹង ឬមិនប្តឹងយ៉ាងណានោះ លោកនឹងបើកប្រជុំសម្រេចចំពោះរបៀបវរៈ នៃការប្តឹងនេះជាមួយថ្នាក់ដឹកនាំកណ្តាលរបស់ គណបក្សយុវជនកម្ពុជានៅឯស្នាក់ការរាជធានីភ្នំពេញ។

សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ីដែរ៕

យោងតាមច្បាប់៖ មាត្រា៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ៖

១៖ ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយ ដល់ឯកភាពជាតិ និងបូរណភាពទឹកដី។

ទី២៖ ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបបនរជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ទី៣៖ ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

ទី៤៖ ការបង្កើតកងកម្លាំងប្រដាប់អាវុធ។

ទី៥៖ ការញុះញង់ដែលនាំឱ្យមាន ការបែកបាក់ជាតិ។

៦៖ ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៧៖ យល់ព្រមដោយចំហ ឬដោយ តុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមឱ្យធ្វើសកម្ម ភាពណាមួយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៨៖ គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុច១ ដល់ចំណុច៥ខាងលើ។

យោងតាមច្បាប់៖ មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា៖ គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្ស នយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។

យោងតាមច្បាប់៖ មាត្រា៤៤ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយថែងថា៖ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើស នឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម៖ ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី ៥ឆ្នាំ និង រំលាយគណបក្សនយោបាយនោះ៕