(ភ្នំពេញ)៖ វិដេអូដ៏សំខាន់មួយដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និយាយសារភាពថា បានរៀបចំផែនការធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូដូចប្រទេសយូហ្គោលស្លាវី និងសើប៊ី ត្រូវបានគេលុបចេញពី Youtube និង Facebook របស់សារព័ត៌មាន CBN (Cambodian Broadcasting Network) ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី។

វិដេអូនេះមានរយៈពេលប្រមាណ១៣នាទី ត្រូវបានបង្ហោះនៅលើ Youtube កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបាន Share បន្តនៅលើ Facebook ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣។

ជុំវិញបញ្ហានេះ អង្គភាពព័ត៌មាន Fresh News នៅមិនទាន់សុំការបំភ្លឺពីសារព័ត៌មាន CBN បាននៅឡើយទេ គិតត្រឹមម៉ោង០០៖១៥នាទីយប់ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ហើយនៅមិនទាន់ដឹងថា តើមូលហេតុអ្វីបានសារព័ត៌មាន CBN លុបវិដេអូនេះចេញយ៉ាងដូច្នេះ។

ប៉ុន្តែទោះបីយ៉ាងណាវិដេអូដ៏សំខាន់មួយនេះ បាននឹងកំពុងបន្តបង្ហោះនៅលើបណ្តាញទំនាក់ទំនង Facebook របស់អង្គភាពព័ត៌មាន Fresh News ដដែលរហូតដល់ថ្ងៃនេះ។

សូមជំរាបថា ពាក់ព័ន្ធនឹងវិដេអូដ៏សំខាន់មួយនេះ, លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។

ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ីដែរ៕

 

ខាងក្រោមនេះវិដេអូលោក កឹម សុខា និយាយសារភាព ដែលបង្ហោះនៅលើ Facebook របស់ Fresh News.