(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកព្រឹទ្ធាចារ្យ​ កោសល្យ​ គង់​ ណៃ បានយកពានរង្វាន់សិល្ប:​ វប្បធម៌​ ហ្វូគុអូកា​ ឆ្នាំ២០១៧ ពីប្រទេសជប៉ុន មកដល់កម្ពុជាហើយ។ ជាមួយនឹងជ័យលាភី ដ៏កម្រមួយនេះ កម្ពុជាបានរៀបចំក្បួនដង្ហែស្វាគមន៍ និងអបអរសាទរជូនលោកព្រឹទ្ធាចារ្យ​ ​ គង់​ ណៃ ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលមហោស្រពចតុមុខ។

ពិធីដង្ហែរក្បួន និងអបអរសាទរនាពេលនេះ គឺមានការហែជាក្បួនរថយន្ត និងម៉ូតូ ភ្ជាប់នឹងពាក្យបដាថា «អបអរសាទរ កព្រឹទ្ធាចារ្យ​ កោសល្យ​ គង់​ ណៃ ទទួលបានពានរង្វាន់សិល្ប:​ វប្បធម៌​ហ្វូគុអូកា​ ពីប្រទេសជប៉ុន ឆ្នាំ២០១៧» និងបដាដែលមានរូប លោកព្រឹទ្ធាចារ្យ​ កោសល្យ​ គង់​ ណៃ កាន់ចាប៉ីដងវែងផងដែរ។ ការទទួលបានពានរង្វាន់ របស់លោកព្រឹទ្ធាចារ្យ​ កោសល្យ​ គង់​ ណៃ​ បានធ្វើឡើង ក្រោយពេលដែលចាប៊ីដងវែងខ្មែរ​ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិ នៃមនុស្សជាតិ​។

លោក​​ព្រឹទ្ធា​ចារ្យកោសល្យ គង់ ណៃ ​ដែលជា​សិល្បករចាប៉ីដងវែងរបស់​កម្ពុជា​ ត្រូវបាន​គណៈកម្មា​ធិ​កា​រ​ពានរង្វាន់ក្រុង​ហ្វុគុអូកានៃប្រទេសជប៉ុន សម្រេច​ជ្រើស​រើសជាជ័យលាភី នៃ​ពាន​រង្វាន់​​​​សិល្បៈ​វប្បធម៌​ហ្វុគុអូកា ឆ្នាំ២០១៧។

ពានរង្វាន់​​ ហ្វុគុអូកានេះ ​បាន​បង្កើតឡើងនៅ​ឆ្នាំ​១៩៩០ ក្នុង​គោល​បំណង​ផ្តល់​កិត្តិយស​ដល់បុគ្គល ក្រុម ឬស្ថាប័ននានា ដែលមាន​ស្នាដៃ​លេចធ្លោ​ ក្នុង​ការ​ថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយ លក្ខណៈពិសេសនិងភាពចម្រុះ សំដៅ​ជំរុញ​ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក និង​​​​លើក​កម្ពស់​ការ​យល់​ដឹង​​អំពីតម្លៃ​នៃវប្បធម៌​អាស៊ី៕