(ភ្នំពេញ)៖ រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ បងប្អូនប្រជាពលរដ្ឋខ្លះបានប្រៀបធៀបស្ថានភាពរាជធានីភ្នំពេញនៅពេលនេះដូចទៅ នឹងអំឡុងរបបខ្មែរក្រហម ដែលមានសភាពស្ងប់ស្ងៀម មានផ្លូវតែគ្មានមនុស្សដើរមានផ្ទះប៉ុន្តែគ្មានមនុស្សនៅ។ ទោះបីរាជធានីភ្នំពេញស្ងប់ស្ងាត់ ប៉ុន្តែមិនដូចសម័យខ្មែរក្រហមឡើយ ស្ងប់ស្ងាត់ដោយសារតែបងប្អូនប្រជាពលរដ្ឋចាក់សោរផ្ទះ ធ្វើដំណើរចាកចេញពីរាជធានីទៅកាន់បណ្តាខេត្ត២៤ ផ្សេងទៀត ហើយពលរដ្ឋសំរុកចាកចេញពីភ្នំពេញ មិនមែនជាការជម្លៀស ប្រជាជនចេញពីទីក្រុងភ្នំពេញដូចពេលខ្មែរក្រហម ឡើងកាន់អំណាចថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ឡើយ ប៉ុន្តែការសំរុកចេញរបស់ ប្រជាជនយ៉ាងណែនណាន់តាន់តាប់ស្ទះចរាចរណ៍រាប់ម៉ោងនេះដើម្បីចូលរួមប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០-២១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ 

ទោះបីរាជធានីភ្នំពេញស្ងាត់ ប៉ុន្តែមិនបង្កប់ដោយការភ័យខ្លាចដូចអំឡុង របបខ្មែរក្រហមឡើយស្ងាត់មែន ប៉ុន្តែសប្បាយរីករាយដោយបងប្អូនដែល មិនបានធ្វើដំណើរទៅស្រុកកំណើតបានយកចង្ហាន់ទៅប្រកេនព្រះសង្ឃតាមវត្តអារាមស្ងាត់មែន ប៉ុន្តែនៅតែមានសកម្មភាព ផ្លូវស្ងាត់ ផ្ទះស្ងាត់ ប៉ុន្តែមិនមែនជាទីក្រុងខ្មោចដូចសម័យខ្មែរក្រហមឡើយ ប៉ុន្តែប្រកបដោយសុវត្ថិភាព សន្តិភាព ហើយមជ្ឈមណ្ឌលនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ សង្គមមួយនេះនឹងមានភាពសកម្មរបស់ខ្លួនឡើងវិញ ក្រោយពីពិធីបុណ្យភ្ជុំចប់សព្វគ្រប់ សកម្មភាពទាំងឡាយចាប់ផ្តើមឡើងវិញ។

ស្ងប់ស្ងាត់រយៈពេលពីឬបីថ្ងៃនេះ មិនមែនដូចពាក្យថា ពីរបីថ្ងៃដែលខ្មែរក្រហមបាន បោកបញ្ឆោតប្រជាពលរដ្ឋឱ្យចេញពីទីក្រុងភ្នំពេញ រហូតដល់បីឆ្នាំប្រាំបីខែ និងម្ភៃថ្ងៃឡើយ។ ថ្ងៃនេះកាលពីជាង៤០ឆ្នាំមុន ប្រជាជនកម្ពុជាមិនហ៊ាននឹកគិត និងនិយាយដោយចំហរពីពិធីបុណ្យប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌផង កុំថាឡើយមាន ឱកាសទៅធ្វើបុណ្យដូចសព្វថ្ងៃនេះ ព្រោះខ្មែរក្រហមបានចាប់ផ្សឹកព្រះសង្ឃ ចាត់ ទុកព្រះសង្ឃជាបញ្ញើក្អែក ឬជាឈ្លើងសង្គម ហើយកុដិវត្តអារាម ត្រូវបានខ្មែរ ក្រហមវាយកម្ទេចចោល ឬរុះរើយកទៅធ្វើរោងបាយ និងយកទៅធ្វើកន្លែងចិញ្ចឹមសត្វ ឬកន្លែងដាក់ជីជាដើម។

នៅពេលប្រទេសកម្ពុជា ធ្លាក់ក្នុងសង្គ្រាមស៊ីវិល ប្រជាពលរដ្ឋខ្មែរ គ្មានសិទ្ធិជឿ និងមានជំនឿសាសនាឡើយ ខណៈសូម្បីជីវិតរបស់ពួកគាត់ក៏មិនអាចធានាបាន មិនដឹងថាត្រូវគេយកទៅសម្លាប់ចោលពេល ណាផង។ ប៉ុន្តែក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលបាន ចាក់ឫសនៅកម្ពុជាជាងកន្លះសតវត្សរ៍ត្រូវបានរំលាយទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ហើយកម្ពុជាដែលបានឆ្លងកាត់សោកនាដកម្មសង្គ្រាម ជិតបីទសវត្សរ៍បានស្គាល់នូវពន្លឺសន្តិភាពពេញលេញ ហើយការអភិវឌ្ឍក៏បានចាប់ផ្តើមក្នុងនោះវិស័យសាសនាក៏មានការរីកចម្រើន វត្តអារាមជាច្រើនពាន់វត្តត្រូវបានសាងសង់ និងមានព្រះសង្ឃជាច្រើនម៉ឺនអង្គនៅទូទាំងប្រទេសកម្ពុជា។

ឥឡូវនេះប្រជាពុទ្ធសាសនិកជនមានឱកាសគ្រប់គ្រាន់ ក្នុងការប្រារព្ធពិធីបុណ្យតាមជំនឿរបស់ខ្លួនក្នុងសុខសន្តិភាព ប្រកបដោយក្តីសប្បាយរីករាយ។ សន្តិភាព ដែលរកបានមកដោយពិបាកនេះបាន និងកំពុងផ្តល់ឱកាសដល់ជាតិនិងប្រជាជន កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេស ធ្វើសមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក មានឱកាសប្រកបរបរបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ សន្តិភាពដែលកម្ពុជាមានពេញលេញនេះគឺកើតចេញពីបាតដៃខ្មែរសុទ្ធសាធ ខណៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនអាចនាំយកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា បន្ទាប់ពីខ្លួនបាន ចំណាយថវិកាជាង២ពាន់លានដុល្លារអាមេរិក និងទាំងកងកម្លាំងយោធា និង ស៊ីវិលជាច្រើនម៉ឺននាក់ ប៉ុន្តែបានត្រឹមបន្សល់ទុករដ្ឋាភិបាលពីរ កងទ័ពពីរ តំបន់ត្រួតត្រាពីររវាងរាជរដ្ឋាភិបាលថ្មីដែលស្របច្បាប់កើតចេញពីការបោះឆ្នោត ខែឧសភា ឆ្នាំ ១៩៩៣ និងក្រុមឧទ្ទាមខ្មែរក្រហម។ ប្រសិនបើគ្មានការដាក់ចុះ នូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ទេ ប្រហែលសង្គ្រាមនឹងនៅតែបន្តរហូតមកទល់ថ្ងៃនេះ ហើយតើប្រជាពលរដ្ឋនឹងមានសុខសន្តិភាព និងសុវត្ថិភាព ធ្វើដំណើរដោយសេរី និងមានឱកាសធ្វើបុណ្យទានតាមរដូវកាលដែល បុព្វបុរសខ្មែរបានចារមកទេ? ពិតជាមិនអាចឡើយ។

ហេតុដូច្នេះហើយបានជា ប្រជាជនកម្ពុជាពិតជាទ្រលាន់នឹងជនបរទេសមួយចំនួនដែលអះអាងថា ស្រឡាញ់ខ្មែរជាងពលរដ្ឋខ្មែរម្ចាស់ស្រុក ហើយថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា William Heidt តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញឫកក្រអឺតក្រទមអាងខ្លួនជាទូតនៃប្រទេស មហាអំណាចបាន ទាមទារយកគុណស្រ័យពីអ្វីដែលខ្លួនបានជួយបន្តិចបន្តួចដល់កម្ពុជាដោយចោទសួរថា តើអាមេរិកបានធ្វើអ្វីខ្លះនៅកម្ពុជា ដោយបានព្យាយាមលើកគុណស្រ័យរបស់ខ្លួនដែលបានចូលរួមតិចតួចនៅក្នុងវិស័យបរិស្ថាន វប្បធម៌ ឧស្សាហកម្មកាត់ដេរជាដើម មកបិតបាំងទង្វើដ៏អមនុស្សធម៌ និងការបង្កមហាសោកនាដកម្មដល់កម្ពុជាកាលពីអតីតកាលដោយបានទម្លាក់គ្រាប់បែកមកលើ ប្រទេសកម្ពុជាជាង ២,៧លានតោន សម្លាប់ប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ និងបំផ្លាញធនធានធម្មជាតិ និងសត្វពាហនៈយ៉ាងច្រើនសន្ធឹកសន្ធាប់។ អាមេរិកបានធ្វើជាមិនឃើញ ស្តាប់មិនឮពីសោកនាដកម្មទាំងនេះ។

បំផ្លាញខ្មែរពីអតីតកាលមិនអស់ចិត្តអាមេរិកបានសមគំនិតជាមួយមេបក្សប្រឆាំងនៅកម្ពុជាគឺ កឹម សុខា តាំងតែពីឆ្នាំ១៩៩៣ ដើម្បីផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។ ផែនការទុច្ចរឹតដែល កឹម សុខា បានសារភាពដោយខ្លួនឯង និងត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់បានទាន់ពេលវេលា ហើយមេក្លោងធំ កឹម សុខា កំពុងដេកគុកដោយ ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស (ក្បត់ជាតិ)។

ពេលនេះកម្ពុជាមានសន្តិភាពពេញលេញ ហើយអ្នកមានគោលបំណងអាក្រក់មកលើ កម្ពុជាក៏ត្រូវបានបកអាក្រាតនិងដឹងថា នរណាជាមិត្តល្អនិងមិត្តអាក្រក់ ជនក្បត់ជាតិ កឹម សុខា ក៏ត្រូវចាប់ខ្លួន។ ដូច្នេះប្រជាពលរដ្ឋអាចចូលរួមពិធីបុណ្យភ្ជុំបិណ្ឌក្នុងសុខសន្តិភាព និងសប្បាយរីករាយ ហើយពោរពេញដោយក្តីសង្ឃឹមក្រោមការថែរក្សា ការពារពីទេវតា។ សូមរីករាយបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា!

ដោយ៖ ចៅចាក់ស្មុក