(ព្រៃវែង)៖ ​លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះពង្រឹងឃុំក្រ្តឿងរាយ និងឃុំជាខ្លាង ស្រុកញ្ជៀច នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តដឹកនាំក្រុមការងារ និងគណៈកម្មាធិការបក្សភូមិ-ឃុំ និងគណៈកម្មាធិការអាចារ្យវត្ត បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅឃុំក្រ្តឿងរាយ និងឃុំជាខ្លាង ស្រុកកញ្ជៀច ខេត្តព្រៃវែង។

លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បាននាំយកនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងនោះ១វត្តទទួលបានទេយ្យទានមួយចំនួន ដូចជា៖ អង្ករ២បាវ, មី៣កេស,ទឹកសុទ្ធ៥កេស, ទឹកក្រូច៥កេស, ត្រីខកំប៉ុង៣៦កំប៉ុង, ទឹកដោះគោខាប់១០កំប៉ុង, ស្កសរ៥គីឡូក្រាម, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ប៊ីចេង៥កញ្ចប់, អំប៊ិល១០គីឡូក្រាម, សាដក៥ (ក្នុងសាដកនីមួយៗមាន ប្រាក់ថវិកាមួយចំនួន), និងចែកជូន ថវិកាមួយ​ចំនួនដល់យាយជី តាជី ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានផងដែរ។

លោក ចាន់ វ៉ាន់ធចឿន បានថ្លែងអំពីប្រពៃណីរបស់ខ្មែរ​ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ទៅហើយ ដើម្បីទទួលបាន​ សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕