(ភ្នំពេញ)៖ វិទ្យាស្ថានជាតិសង្គមកិច្ចដែលជាគ្រឹះស្ថានរបស់រដ្ឋ បានប្រកាសផ្ដល់អាហារូបករណ៍ ដល់សិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ចំនួន២៥០នាក់។

ក្នុងសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថានបានឲ្យដឹងថា ដើម្បីផ្ដល់ឱកាសឲ្យប្អូនៗ សិស្សានុសិស្សបានបន្ដការសិក្សានៅថ្នាក់ឧត្ដម​សិក្សា វិទ្យាស្ថានជាតិ សង្គមកិច្ចផ្ដល់អាហារូបករណ៍ចំនួន ២៥០នាក់ ដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ឲ្យចូលរៀលថ្នាក់ បរិញ្ញាបត្រលើមុខជំនាញដូចខាងក្រោមនេះ៖

* សង្គមកិច្ចវិទ្យា * កិច្ចគាំពារសង្គម * សង្គមវិទ្យា * គោលនយោបាយសង្គម * គោលនយោបាយសាធារណៈ * គ្រប់គ្រង់សាធារណៈ * រដ្ឋបាលសាធារណៈ * ភាសាអង់គ្លេស * វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប។

ក្នុងសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះនិស្សិតក្រីក្រ ពិការ និងស្រ្ដី ត្រូវបានផ្ដល់អាទិភាព និងកាលបរិច្ឆេទ នៃការទទួលពាក្យ ចាប់ពីថ្ងៃ០១ ខែកញ្ញា រហូតដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០១៧ នៅការិយាល័យសិក្សា និងស្រាវជ្រាវនៃវិទ្យាស្ថានជាតិសង្គមកិច្ច។ ការបរិច្ឆេទនៃប្រឡងជ្រើសរើស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិសង្គមកិច្ច៕