(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ បានសរសេរ អត្ថបទមួយ ដែលមានចំណងជើងថា «អ្វីទៅដែលហៅថា បដិវត្តន៍ពណ៌?​ តើបដិវត្តន៍ពណ៌ កើតឡើងតាមរបៀបណានិងមានគោល បំណងអ្វី?​ what is color revolution? How can it happen and serves what purpose?» បង្ហោះនៅលើ Facebook ផ្លូវការរបស់ខ្លួន។

អត្ថបទរបស់លោក ហេង រតនា បានពន្យល់អំពីការកកើតឡើងនៃបដិវត្តន៍ពណ៌ និងអះអាងថា បដិវត្តន៍ពណ៌ច្រើនតែកើតឡើង នៅពេលបោះឆ្នោត ជាក់ស្តែងដូចកាលពីឆ្នាំ២០១៣-២០១៤ជាដើម។

តាមអ្នកជំនាញខាងយោធាបានលើកឡើងថា​ បដិវត្តន៍ពណ៌ជាចលនា សង្គ្រាមមនោគមវិជ្ជា តាមរយៈបាតុកម្មអហឹង្សា​ កូដកម្ម​ និងអន្តរាគមន៍​ ដើម្បីផ្លាស់ប្តូររបបដឹកនាំមួយ!​ តាមការសង្កេតឃើញថា​ បដិវត្តន៍ពណ៌ មានឱកាសកកើតឡើង ពីរឱកាសសំខាន់គឺ៖

១៖​ ឱកាសនៅពេលបក្សកាន់អំណាចនោះ មានលេចចេញបាតុភាពអាក្រក់អ្វីមួយកើតឡើង​ ដូចជាការចោទប្រកាន់ទាក់ទងអំពើពុករលួយ​ អស្ថិរភាពសេដ្ឋកិច្ច​ បញ្ហាជាតិនិយ​មលើការប្រកាន់ពូជសាសន៍​ បូរណភាពទឹកដី​ និងបញ្ហាបរិស្ថានជាដើម និង​ ២៖​ ឱកាសនៅពេលបោះឆ្នោត។​

អ្នកដឹកនាំអនុវត្តបដិវត្តន៍ពណ៌​ ភាគច្រើនជាបក្សប្រឆាំងរដ្ឋាភិបាល​ អង្គការក្រៅរដ្ឋាភិបាល​ (NGOs) ហើយកំលាំងចូលរួម គឺមហាជន​ និងពិសេសយុវជន។​ តាមអ្នកជំនាញសង្កេតឃើញថា​ របៀបនៃការដំណើរការបដិវត្តន៍ពណ៌មានប្រាំ (​៥) ជំហ៊ានសំខាន់គឺ​៖
១៖​ ការចលនាបាតុកម្មទ្រង់ទ្រាយធំ ដោយអហឹង្សា​ (peaceful mass protests)
២៖​ ការញុះញង់ និងការធ្វើឲ្យបាត់ជំនឿ ចំពោះរដ្ឋាភិបាលកំពុងកាន់អំណាច​ (provocation and discrediting the government in power)
៣៖​ ការបន្សាបអំណាច​ (the neutralization of power)
៤៖​ ការបង្កចលាចលសង្គម និងនយោបាយ​ (Social and Political chaos)
៥៖​ ការឡើងដណ្តើមអំណាច​ (a takeover power)

ការបកស្រាយងាយយល់ ចំពោះបដិត្តន៍ពណ៌នេះ​ គឺជារដ្ឋប្រហារដោយប្រើប្រាស់កំលាំង (ស៉ីវិល) ប្រជាជនដោយអហឹង្សា!​ ហើយអ្នកនៅ ក្រោយបដិវត្តន៍ពណ៌ ដើម្បីទាញយកនូវផលប្រយោជន៍ និងឥទ្ធិពលមនោគមវិជ្ជាសំរាប់រដ្ឋរបស់ពួកគេ!!​ បដិវត្តន៍ពណ៌ដោយសន្មត់ យកចលនានោះជាពណ៌​ ជាប្រភេទផ្កា​ ជាក្លិន​ ដើម្បីងាយចំណាំ និងយល់ដឹង!!​

គេឃើញថា បដិវត្តន៍ពណ៌នេះច្រើនតែជាប់ផុង ក្នុងដំណាក់កាលទី៤​ គឺចលាចលសង្គម និងនយោបាយ នៅពេលដែលបក្សកាន់អំណាច មិនព្រមចុះចាញ់​ ពេលនោះនឹងប្រែក្លាយ ទៅជាសង្គ្រាមស៉ីវិលតែម្តង​ ដូចករណីនៅ​ប្រទេស ស៉ីរី​ និងលីបីជាដើម។

បដិវត្តន៍ពណ៌ច្រើនកើតឡើង នៅពេលឱកាសបោះឆ្នោត!​ ព្រោះថា​ នៅក្នុងឱកាសបោះឆ្នោតនេះ ងាយស្រួលក្នុងការបង្កើនសន្ទុះទឹកចិត្ត មហាជន និងយុវជនឲ្យប្រឆាំងបក្សកាន់អំណាច​។ ជាកលល្បិច និងយុទ្ធសាស្ត្រ​យ៉ាងសំខាន់ នៅពេលមុនបោះឆ្នោតពួកគេខិតខំពង្វក់ ស្មារតី និងអូសទាញជំនឿទុកចិត្តមហាជនថា​ ពួកគេដាច់ខាតនឹងឈ្នះក្នុងការបោះឆ្នោត​ នៅពេលចាញ់ឆ្នោត​គេត្រូវលើមូលហេតុថា​ មកពីការបោះឆ្នោតមិនតម្លាភាព​ កេងបន្លំសន្លឹកឆ្នោត​ លួចសន្លឹកឆ្នោត​ បំផ្លាញសន្លឹកឆ្នោត​ ទាមទារការបោះឆ្នោតឡើងវិញ​ទាមទាររាប់ សន្លឹកឆ្នោតឡើងវិញ​ ចោទប្រកាន់បក្សកាន់អំណាច និងគណកម្មការបោះឆ្នោត ជាក្រុមតែមួយជាដើម។

នោះជាឱកាសនៃការចាប់ផ្តើម និងទាញយកស្មារតីយ៉ាងមុតស្រួច ជាឆន្ទះគ្មានរួញរាក្នុងការចលនា តស៊ូតវ៉ាប្រឆាំងរដ្ឋាភិបាល! ឱកាសនេះងាយស្រួល ក្នុងការអនុវត្តយុទ្ធវិធីទី២ នៃកលល្បិចក្នុងការធ្វើបដិវត្តន៍ពណ៍ គឺ​ការញុះញុង និងការធ្វើឲ្យបាត់ជំនឿ ចំពោះបក្សកំពុងកាន់អំណាច!​ គេបានបង្កើតក្រុមជំនាញការងារធ្វើបដិវត្តន៍ពណ៌នេះ​ ដែលហៅថាមជ្ឈមណ្ឌល សំរាប់អនុវត្តសកម្មភាព និងយុទ្ធសាស្ត្រដោយអហឹង្សា​ (the Centre for Applied Nonviolation Action and Strategies = CANVAS)!​

នៅកម្ពុជាឆ្នាំ២០១៣-២០១៤​ ពិតជាមានកើតបដិវត្តន៍ពណ៌នេះ ពិតប្រាកដមែន​ ហើយឥឡូវនេះ គេឃើញមានក្រុមជំនាញមកជាច្រើន អង្គការបានជាប់ពាក់ព័ន្ធ​!​ តើអ្នកដឹកនាំ​ បដិវត្តន៍ពណ៌ត្រូវទទួលខុសត្រូវយ៉ាងណា?៕