(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ Facebook មួយមានឈ្មោះ «កូនខ្មែរ» បានចេញផ្សាយទម្លាយរឿងថ្មីទៀតហើយ, «ចារកម្មបរទេសម្នាក់ទៀត បង្កប់ខ្លួនក្នុងបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល»។ ចារកម្មមួយនេះគឺធ្លាប់បានឃុបឃិតជាមួយបក្សប្រឆាំងនៅកូរ៉េខាងត្បូង ក្នុងការទម្លាក់លោកស្រី Park Geun-Hye តាមរយៈការប្រើប្រាស់អត្ថបទកាសែត ដែលមានចរិតអុជអាល ញុះញង់ រិះគន់វាយប្រហារខ្លាំងៗមកលើលោកស្រី Park។

Facebook បានរៀបរាប់ខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ជនជាតិអាមេរិកាំងមួយរូបឈ្មោះ Geoffrey Cain បាននិងកំពុងជ្រកក្រោមស្លាកអ្នកកាសែតឯករាជ្យ (Freelancer) និងធ្លាប់ជាមេក្លោងរៀបចំចលនាមហាជនក្នុងការផ្តួលរំលំអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-Hye ទទួលជោគជ័យ បានបែកធ្លាយនូវសកម្មភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាង កឹម សាមាធីតា ជាកូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

បើតាមការទម្លាយឱ្យដឹងពីមន្ត្រីដែលជិតស្និទ្ធជាមួយកូនស្រីលោក កឹម សុខា ឈ្មោះ Geoffrey Cain នេះបានជួបសម្ងាត់ជាញឹកញាប់ជាមួយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជាពិសេសតាមរយៈរូបថតដែលបង្ហាញនេះ Geoffrey Cain បានជួបជាមួយ កឹម សាមាធីតា នៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ថ្មីៗនេះ Geoffrey Cain ធ្លាប់បានឃុបឃិតជាមួយបក្សប្រឆាំងនៅកូរ៉េខាងត្បូង ក្នុងការទម្លាក់លោកស្រី Park Geun-Hye តាមរយៈការប្រើប្រាស់អត្ថបទកាសែត ដែលមានចរិតអុជអាល ញុះញង់ រិះគន់វាយប្រហារខ្លាំងៗមកលើលោកស្រី Park រួមជាមួយនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម (Social Media) ជាមធ្យោបាយបំពងសំឡេង។

ដោយសារតែជនជាតិអាមេរិកាំងរូបនេះ ធ្លាប់មានបទពិសោធន៏ជោគជ័យក្នុងការទម្លាក់លោកស្រី Park ចេញពីដំណែង ជននេះ ក៏ត្រូវបានប្រទេសមហាអំណាចមួយ ជួលឱ្យមករៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីជួយបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មន្ត្រីបក្សសង្គ្រោះជាតិក៏បានឱ្យដឹងផងដែរថា Geoffrey Cain នេះ បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ឆ្ពោះទៅកាន់ខេត្តស៊ីនជាំង (Xinjiang) ប្រទេសចិន ដែលតំបន់នោះកំពុងប្រឈមមុខគ្នារវាងក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ (Uighurs) បះបោរប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

ក្រៅពី Geoffrey Cain ក៏មានចារកម្មបរទេសផ្សេងទៀតដែរ ដែលបានបង្កប់ខ្លួននៅក្នុងបក្សប្រឆាំង។ កាលពីកំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧កន្លងទៅនេះ ចារកម្មជនជាតិអូស្រ្តាលី១រូបឈ្មោះ James Ricketson ដែលជ្រកក្រោមស្លាកអ្នកនិពន្ធ និងផលិតករភាពយន្ត ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ក្រោយពីជនបរទេសរូបនេះបានឃុបឃិតជាមួយលោក សម រង្ស៊ី និងបានថតសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ដើម្បីយកទៅផ្សព្វផ្សាយបំភ័ន្តសាធារណៈមតិក្នុង និងក្រៅប្រទេស។ តាមការបញ្ជាក់ពីមន្ត្រីបក្សសង្គ្រោះជាតិបានទម្លាយឱ្យដឹងថា James Ricketson នេះ ជាចារកម្មដ៏សំខាន់ និងមានបទពិសោធន៏ខ្ពស់ដែលធ្លាប់បានជួយបក្សប្រឆាំងនៅក្នុងប្រទេសផ្សេងៗកន្លងមក។

ម្យ៉ាងវិញទៀត កូនស្រីលោក កឹម សុខា គឺនាង កឹម មនោវិទ្យា ក៏ធ្លាប់បានបែកធ្លាយព័ត៌មាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសម្ងាត់របស់អាមេរិក (CIA) ផងដែរ ហើយក៏មានការថតរូបរួមគ្នាជាមួយលោក កឹម សុខា ប្រពន្ធ អមដោយកូនស្រីទាំងពីរនាក់ទៀតផង។ ភស្តុតាងដែលបានបង្ហាញនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិបរទេស ជាពិសេសជនជាតិអាមេរិកាំង បាននិងកំពុងលូកដៃយ៉ាងជ្រៅចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាតាមរយៈការបង្កប់ខ្លួន និងឃុបឃិតជាមួយបក្ស CNRP៕