(វ៉ាស៊ីនតោន)៖ ការផ្លាស់ប្តូរឥរិយាបទភ្លាមៗដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កូរ៉េខាងជើង ដោយមិនបាញ់គ្រាប់មីស៊ីលទៅកោះហ្គាំ ដែលជាដែនដីជិតជាងគេ និងជាដែនដីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បានធ្វើឱ្យភាពតានផ្នែកយោធាជាមួយសហរដ្ឋអាមេរិកត្រូវបានថយកម្តៅ ឬយ៉ាងហោចណាស់ត្រូវបានពន្យាពេលមួយរយៈ។

សេចក្តីសម្រេចចិត្តនេះបានបង្ហាញថា ភាពអំណួតរៀងៗខ្លួនដែលបានបញ្ឆេះភាពតានតឹងរវាងភាគីទាំងពីរកាលពីសប្តាហ៍មុន និងពេលកន្លងមក គឺបានត្រឹមតែមាត់ច្រើនជាងការពិត។

សូមជម្រាបថា សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃអង្គារ៍កន្លងទៅនេះបានលើកឡើងថា ជាការពិតលោក គីម ជុងអ៊ុន មេដឹកនាំប្រទេស កូរ៉េខាងជើង បានធ្វើសេចក្តី សម្រេចចិត្តរួចទៅហើយ ក្នុងការបាញ់គ្រាប់មីស៊ីលទៅកោះហ្គាំ បន្ទាប់ពីកិច្ចប្រជុំជាមួយមេបញ្ជាការយោធា ដោយរងចាំតែសេចក្តីសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ជាបាញ់គ្រាប់មីស៊ីល Hawsong-12 ទៅក្បែរកោះហ្គាំតែប៉ុណ្ណោះ ប្រសិនបើសហរដ្ឋអាមេរិកនៅបន្តផ្គើនកូរ៉េខាងជើងជាថ្មី។

ចម្ងល់បានលើកឡើងថា ហេតុផលអ្វីដែលជម្រុញឱ្យលោក គីម ជុងអ៊ុន បែរជាផ្លាស់ប្តូរចិត្តបែបនេះ? ខាងក្រោមអាចជាហេតុផលរបស់មេដឹកនាំក្មេងខ្ចីរូបនេះ៖

* ប្រសិនបើកូរ៉េខាងជើង បាញ់ប្រហារកោះហ្គាំ កូរ៉េខាងជើងនឹងមិនទទួលផលចំណេញអ្វី ក្រៅពីការបញ្ឆេះកំហឹងសហរដ្ឋអាមេរិក ឱ្យឡើងកម្តៅឈានដល់ ដំណាក់កាលគ្រប់គ្រងលែងបាននោះទេ។ យើងដឹងថាហើយ សហរដ្ឋអាមេរិកច្បាស់មិនអង្គុយចាំមើលកូរ៉េខាងជើង វាយប្រហារកោះហ្គាំ ដែលជាដែនដីយុទ្ធសាស្ត្ររបស់ខ្លួនដោយយ៉ាងងាយៗបែបនេះនោះទេ។

លោក James Mattis រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានព្រមានថា ការវាយប្រហាររបស់កូរ៉េខាងជើង ជាការបញ្ឆេះសង្គ្រាមឱ្យផ្ទុះឡើងភ្លាមៗ។ លោកបន្តថា «ប្រសិនបើគ្រាប់មីស៊ីល បាញ់ប្រហារសំដៅកោះហ្គាំ យើងនឹងបាញ់ទម្លាក់វាភ្លាមៗ» ការលើកឡើងរបស់លោកសំដៅលើប្រព័ន្ធការពារជុំវិញកោះហ្គាំ។

រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ប្រសិនបើវាកើតឡើងមែននោះ ហេតុការណ៍ផ្សេងៗ គឺអាស្រ័យទៅលើសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការឆ្លើយតបវិញដោយរបៀបណា។

ម្យ៉ាងវិញទៀត ស្របពេលដែលសង្គ្រាមពាក្យសំដីកាន់តែតានតឹងឡើងនោះ សហរដ្ឋអាមេរិកបានបង្កើនការត្រៀមរៀបចំយោធារបស់ខ្លួនជាស្រេចផងដែរ នេះជាអ្វីដែលធ្វើឱ្យកូរ៉េខាងជើង ហាក់មានភាពញញើត។

ប្រធានាធិបតីអាមេរិកថ្មីៗនេះបានប្រកាសថា យោធាអាមេរិកបានត្រៀមជាស្រេចក្នុងការធ្វើសង្គ្រាម ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមានការសោកស្តាយចំពោះការសម្រេចចិត្តវាយប្រហារកោះហ្គាំ ឬដែនដីណាមួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ក្រៅពីការត្រៀមកម្លាំងយោធារបស់ខ្លួនហើយនោះ នៅឯទីក្រុង យូកូស៊ូកា ប្រទេស ជប៉ុននោះ នាវាផ្ទុកយន្តហោះ USS Ronald Reagan របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយជាស្រេច រួមជាមួយនាវា Blue Ridge របស់កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក។ ដោយឡែកនៅលើឧបទ្វីបកូរ៉េ ក្រសួងការបរទេសមិនបានណែនាំឱ្យពលរដ្ឋអាមេរិច ចាកចេញពីប្រទេសនេះនោះទេ ហើយសមាជិកគ្រួសារយោធាសហរដ្ឋអាមេរិក ក៏មិនត្រូវបានណែនាំ ឱ្យជម្លៀសចេញផងដែរ។ សហរដ្ឋអាមេរិក ហាក់មិនបានបង្ហាញភាពខ្លាចញញើតអ្វី ចំពោះការគំរាមរបស់កូរ៉េខាងជើងសូម្បីបន្តិច។

ហេតុផលមួយទៀតដែលធ្វើឱ្យកូរ៉េខាងជើង អាចផ្លាស់ប្តូរចិត្ត ដោយសារមានភាគីទីបីជាអ្នកសម្របសម្រួលនោះគឺប្រទេស ចិន។ ចិន បានអំពាវនាវឱ្យភាគីជម្លោះ បង្កើនការអត់ធ្មត់។ យើងបានដឹងហើយថា រដ្ឋាភិបាលក្រុង ប៉េកាំង មានឥទ្ធិពលជាខ្លាំងទៅលើប្រទេស កូរ៉េខាងជើង ដោយចិនបានគ្របដណ្តប់រហូតដល់ ៩០ភាគរយ នៃសកម្មភាពធ្វើពាណិជ្ជកម្មទាំងអស់របស់កូរ៉េខាងជើង។

កន្លងមកនេះ ប្រទេស ចិន បានហាមឃាត់ការនាំចូលដែក សំណ និងធ្យូងថ្មពីប្រទេស កូរ៉េខាងជើង ដើម្បីអនុវត្តទៅតាមការដាក់ទណ្ឌកម្មថ្មី របស់អង្គការសហប្រជាជាតិ។ យ៉ាងនេះក្តី នៅតែមានការរិះគន់ថា ការដាក់ទណ្ឌកម្មនេះ មិនទាន់គ្រប់គ្រាន់ឆ្លើយតបនឹងទង្វើរបស់កូរ៉េខាងជើងនៅឡើយ។ និយាយឱ្យខ្លី ឥទ្ធិពលចិនអាចជាហេតុផលមួយផ្សេងទៀត ដែលបង្ខំឱ្យកូរ៉េខាងជើងផ្លាស់ប្តូរចិត្ត ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងដុនដាបស្រាប់។

ហេតុផលចុងក្រោយ ដោយសារការបាញ់ប្រហារនេះ គ្រាន់តែជាការគំរាម មិនមែនជាការសម្រេចចិត្តដ៏ពិតនោះទេ។ វាក្លាយជាទម្លាប់ធម្មតារបស់កូរ៉េខាងជើង ទៅហើយ ដែលប្រទេសមួយនេះមិនបានធ្វើតាមភាពអំណួតក្អេងក្អាងមិនសមទំនងរបស់ខ្លួន។

យោងតាមសារព័ត៌មាន Wall Street បានរំលឹកថា ក្នុងអំឡុងនៃការប្រឈមមុខគ្នាកាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ កូរ៉េខាងជើងបានព្រមានផ្តល់ រយៈពេល៤៨ម៉ោងដល់កូរ៉េខាងត្បូង ក្នុងការដកឧបករណ៍បំពងសម្លេងដែលឃោសនារិះគន់ទៅលើមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីហេតុការណ៍ផ្ទុះមីន បង្កឱ្យយោធាកូរ៉េខាងត្បូងពីរនាក់ត្រូវស្លាប់បាត់បង់ជីវិត។ កូរ៉េខាងជើងប្រកាសថា នឹងប្រើប្រាស់កម្លាំងយោធាដើម្បីបញ្ឈប់ការឃោសនានេះ។

យ៉ាងនេះក្តី ប្រទេស កូរ៉េខាងត្បូងហាក់មិនខ្វល់ពីការកំណត់ពេលអ្វីទាំងអស់។ ពីរថ្ងៃក្រោយមក ស្រាប់តែកូរ៉េខាងជើងបែរជាបង្ហាញការសោកស្តាយចំពោះការផ្ទុះមីន ដោយបានងាកទៅបង្កទំនាក់ទំនងប្រសើរជាមួយប្រទេស កូរ៉េខាងត្បូងវិញជាថ្មី។ ដោយឡែកកូរ៉េខាងត្បូង ក៏សម្រេចបិទការឃោសនាជាបន្តបន្ទាប់។

ដោយឡែកកាលពីខែមិនា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងអំឡុងនៃការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានគំរាមនឹងបាញ់ប្រហារវិមានប្រធានាធិបតីកូរ៉េខាងត្បូង លុះត្រាតែខ្លួនទទួលបានការសុំទោសពីសំណាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គឺនហេ។ ប៉ុន្តែពេលនោះកូរ៉េខាងត្បូងមិនបានធ្វើការសុំអភ័យទោសអ្វីទាំងអស់ ចំណែកការគំរាមកំហែងនោះក៏មិនដែលលេចចេញជារូបរាងឡើងម្តងណានោះដែរ។
ទាំងនេះបង្ហាញថា កូរ៉េខាងជើង មិនមានបំណងចង់បាញ់ប្រហារសហរដ្ឋអាមេរិកពិតប្រាកដឡើយ ដោយគ្រាន់តែជាការគំរាមចោលតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនាពេលថ្មីៗនេះ សហរដ្ឋអាមេរិកនៅតែបង្ហាញចេទនាចង់ចរចាតាមផ្លូវទូតជាមួយកូរ៉េខាងជើង។

ហេតុនេះក្នុងនាមកូរ៉េខាងជើង ដែលត្រឹមតែជា ប្រទេសដ៏ឯកាមួយនៅលើផែនដីនេះ គួរតែវាយប្រហារប្រទេសមហាអំណាចសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលយោធា និងមានសម្ព័ន្ធមិត្តគ្រប់ទិសទីនេះដែរឬទេ?

អ្វីដែលជាដំណឹងល្អ យើងឃើញថា បន្ទាប់ពីកូរ៉េខាងជើងផ្លាស់ប្តូរចិត្ត មិនបាញ់ប្រហារកោះហ្គាំនោះ ស្រាប់តែប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានលើកសរសើរមេដឹកនាំកូរ៉េខាងជើង សម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសមហេតុផល ដែលជួយកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

សូមរំលឹកថា ភាពតានតឹងរហូតឈានដល់ការគំរាមបាញ់ប្រហារកោះ ហ្គាំ បានកើតឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា រាល់ការគំរាមកំហែងរបស់កូរ៉េខាងជើង នឹងធ្វើឱ្យប្រទេសនេះនឹងប្រឈមមុខនឹងការឥទ្ធិពល កំហឹងដ៏ក្រេវក្រោធរបស់សហរដ្ឋអាមេរិក ដែលពិភពលោកមិនធ្លាប់ បានឃើញពីមុនមក។ ឆ្លើយតបការព្រមាននេះ កូរ៉េខាងជើង បានឆ្លើយតបដោយគំរាមថា ខ្លួននឹងបាញ់គ្រាប់មីស៊ីលទៅក្បែរកោះហ្គាំនៅ ពាក់កណ្តាលខែសីហានេះ ដោយគ្រាន់តែរងចាំការបញ្ជាពីលោក គីម តែប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិក ជាថ្មីម្តងទៀតបានបញ្ជាក់ថា ប្រសិនបើកូរ៉េខាងជើង គំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ នឹងមានរឿងកើតឡើងចំពោះកូរ៉េខាងជើង លើសពីអ្វីដែលពួកគេបានគិតដល់។ ប្រធានាធិបតីអាមេរិករូបនេះសង្ឃឹមថា «លោក គីម ជុងអ៊ុន គួរតែរកច្រកដើរថ្មីផ្សេងទៀត»៕

បកប្រែ និងសម្រួលដោយ៖ អ៉ិត ចណ្ណា