(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសម្ពោធឆ្នោតកោសប្រភេទថ្មីរបស់ ដែលមាន៤ប្រភេទ​បន្ថែមទៀត សម្រាប់បម្រើដល់អតិថិជន ដែលនិយមគាំទ្រឆ្នោតកីឡាជាតិ។​

ពិធីសម្ពោធឆ្នោតកោសថ្មីនេះ មានការចូលរួមពីសំណាក់សម្តេចព្រះរាម នរោត្តម បុប្ផាទេវី, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងសមាជិកអ្នក វិនិយោគ ផ្នែកឆ្នោតកីឡាជាតិ ជាច្រើននាក់ផងដែរ នៅភោជនីយដ្ឋាន ស្ថិតនៅទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ្វាន ហ្វាន ជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានថ្លែងថា ក្រមហ៊ុនទទួលបាននូវអាជ្ញាប័ណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មឆ្នោតនៅកម្ពុជា។ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាអង្គភាពស្របច្បាប់ ដែលរួមសហការជាមួយគណៈកម្មាធិការជាតិអឡាំពិកកម្ពុជា ក្នុងការចែកចាយឆ្នោតកីឡា។ គោលបំណងរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ «គឺសុខុមាលភាពសង្គម» «សប្បុរសធម៌» កាយសម្បទា និងកិត្យានុភាព»។

លោក ហ្វាន ហ្វាន បានបន្តថា កន្លងមករយៈពេលមួយឆ្នាំមកនេះ ក្រុមហ៊ុនបានចែកចាយការលក់លើទីផ្សារ នូវល្បែងឆ្នោតកុំព្យូទ័រចំនួន២ ប្រភេទ និងល្បែងឆ្នោតកោសចំនួន៤ប្រភេទ រួមមានឆ្នោតកោសរូប ប្រណាំទូក គុនល្បុកក្តតោ វេទិការបាល់ទាត់ និងឆ្នោតកោសរូបប្រមូល ផលកសិផលស្រូវ។ ការចែកចាយឆ្នោត និងការពង្រីកទីផ្សារទទួលបានលទ្ធផលល្អ ក្នុងដំណាក់កាលដំបូង ដោយបានចូលរួមជាវិភាគទាន ក្នុងសកម្មភាពមនុស្សធម៌ និងការជំរុញវិស័យកីឡាជាតិ ឲ្យមានការរីកចម្រើន ដើម្បីទទួលស្វាគមន៍កីឡាអាស៊ី និងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសខ្លាំងមួយ នៅអាស៊ីលើវិស័យកីឡា។

លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា លើកនេះក្រុមហ៊ុនបានដាក់ចេញនូវ​ឆ្នោតកីឡា ប្រភេទកោសចំនួន៤ប្រភេទនេះ បង្កប់នូវលក្ខណៈពិសេសនៃប្រជាជាតិខ្មែរ និងបរិយាកាសវប្បធម៌ បង្ហាញឲ្យឃើញនូវស្មារតី ប្រជាជាតិដែលឧស្សាហ៍ព្យាយាមសន្សំសំចៃ ចូលចិត្តកីឡា សាមគ្គីភាព និងការតស៊ូ។ ទទ្ទឹមនឹងនេះឆ្នោតបួនប្រភេទនេះ ថែមទាំងមានលក្ខណៈ ពិសេសទៀត គឺការរចនាដ៏ប្រណិតរបៀបលេងដ៏ថ្មីសន្លាង ទឹកប្រាក់សន្ធឹកសន្ធាប់ និងអាត្រាឈ្នះឆ្នោតដ៏ខ្ពស់ផងដែរ។

លោកបន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទិញឆ្នោតកីឡាជាតិ លោកអ្នកក៏ដូចជាបានជួយ ដល់វិស័យកីឡានៅកម្ពុជាផងដែរ ដូចនេះការជាវឆ្នោតកោសកីឡាជាតិមួយសន្លឹករបស់អ្នក គឺជាការចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលអត្តពលិកខ្មែរ ដើម្បីភាពជោគជ័យកីឡាស៊ីហ្គេម ២០២៣៕