(ស្វាយរៀង)៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥១នាក់ បាន និងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋប្រមាណ២,០០០នាក់ នៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ លោក ហ៊ុន​ ម៉ានី​ ក្រោមអធិបតីភាព ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោស្រី ហង់ លីហា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង មន្ទីរសុខាភបាលខេត្តស្វាយរៀង លោក សុទ្ធ គឹមចន្ទ អភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រុំ លោកវេជ្ជបណ្ឌិត ជា រក្សាពង្ស ធ្វើការនៅមន្ទីរពេទ្យខេត្តស្វាយរៀង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយជ្រុំ លោក នាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងផែនការ សាខាសកម្មជនក្រុមការងាយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេព​កោសល្យ​​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ​បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោ​បាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថារយៈពេល៥៦ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១,៩០៨នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៩លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន១២០,០២០នាក់៕