(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារចុះមូលដ្ឋានឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ចូលរួមការពារ ថែរក្សាឲ្យបានជាដាច់ខាតនូវតម្លៃនៃសុខសន្តិភាព ដែលជាឱកាសមាសនេះឲ្យបានស្ថិតស្ថេរគង់វង្ស ទើបអាចធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតជូនប្រជាជាតិនិងប្រជាជន។

លោក ស្វាយ ស៊ីថា តំណាងឲ្យលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ ជាពិសេសក្នុងនាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើង ក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជីកាក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា និងក្រុមបក្ស រួមទាំងក្រុមការងារថ្នាក់ជាតិ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីត្រួតពិនិត្យការងារ និងជំរុញឲ្យមន្ត្រីមូលដ្ឋាន។

លោក ស្វាយ ស៊ីថា បានលើកឡើងថា យោងលើលទ្ធផលដ៏ល្អប្រសើរ ដែលគណបក្សប្រជាជនកម្ពុជា បានកើន ឡើងនូវសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លង ទៅថ្មីៗនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញនូវគោលនយោបាយរបស់បក្ស និងកំណែទម្រង់ស៊ីជរៅ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជានយោបាយត្រឹមត្រូវ។

ជាមួយគ្នានោះ លោក ស្វាយ ស៊ីថា ក៍បានណែនាំអោយមន្ត្រីមូលដ្ឋាន ក្នុងភូមិ ឃុំគ្រប់រូបត្រូវធ្វើសកម្មភាព ជាក់ស្តែងបន្ថែមទៀត ឲ្យបានខ្លាំងក្លា ដើម្បីបំរើប្រជាពលរដ្ឋ និងចូលរួមដោះស្រាយសំណូមពរ បញ្ហាប្រឈម និង កង្វល់នានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ទើបធានាបាននូវផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍកាន់តែ រីកចម្រើន។

លោក ចាន់ សុខន ប្រធានក្រុមប្រឹក្សាឃុំកុមាររាជារបស់គណបក្សប្រជាជនកម្ពុជា ក៏បានឡើងថា មន្ត្រីរបស់លោក ប្តេជ្ញាធានាការផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលានិងបានល្អប្រសើរ ។

លោក ចាន់ សុខន បានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងឃុំកុមាររាជាបានចាត់ តាំងកម្លាំងសមត្ថកិច្ច ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដែលក្តីកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបងតូចបងធំ ចោរកម្ម និងការប្រើប្រាស់ ជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ បង្ក្រាប និងទប់ស្កាត់ បានទាន់វេលា។

ឆ្លើយតបនឹងតម្រូវការនេះ លោក ស្វាយ ស៊ីថា ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល សម្រាប់ បំពាក់សម្ភារៈវិទ្យុទាក់ទង ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ។ លោក ស្វាយ ស៊ីថា បន្តថា ក្រុមការងារថ្នាក់ជាតិ នឹងសហការជាមួយក្រុមប្រឹក្សាឃុំ ក្នុងការប្រឹងប្រែងស្វែងរកអាហាររូបករណ៍ ជូនដល់សិស្សក្រីក្រដើម្បីបានបន្តការ សិក្សានៅសកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន ក្នុងគោលបំណងជួយ សិស្សានុសិស្ស បានទទួលនូវចំណេះដឹង ចំណេះធ្វើ និងមុខជំនាញផ្សេងៗ ដើម្បីអនាគតរុងរឿងល្អប្រសើរផងដែរ។

នៅក្នុងឪកាសនោះ ក្រុមការងារ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ យុវជន ប្រជាការពារ និងតំណាងសមាជិក ក្រុម បក្សទាំង១៣ភូមិក្នុងឃុំ បានជួបជុំពិសារអាហារសាមគ្គីរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងបរិយាកាស សប្បាយ រីករាយ ស្និទ្ធស្នាល និងភាតរភាពជាទីបំផុត៕