(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា កងទ័ពឡាវបានស្នើសុំពេល១ថ្ងៃ ដើម្បីរៀបចំខ្លួនចាកចេញពីព្រំដែនប្រទេសកម្ពុជា។ លោកថ្លែងថា ឡាវនឹងដកទ័ពទាំងអស់ចេញពីព្រំដែនខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះតែម្តង។

ការដកទ័ពរបស់ភាគីឡាវ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបចរចាជាមួយ នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីស៊ូលីត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ដោយភាគីឡាវ បានយល់ព្រមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយប្រកាសឲ្យកងទ័ពទាំងអស់របស់ខ្លួន ចាកចេញពីព្រំដែន នៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំធេងមួយទៀតរបស់កម្ពុជា ក្រោមស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចុះ បញ្ចូលធ្វើឲ្យភាគីឡាវដកទ័ព ដោយមិនបាច់ច្បាំង ហើយនាំមកនូវសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែន។

សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួល ដោយភាគីទាំងពីរនៅតំបន់នោះ។

កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ កងទ័ព និងសព្វាវុធទំនើបៗជាច្រើនរបស់កម្ពុជា ក៏ត្រូវបានបញ្ជូនទៅកាន់ខេត្តស្ទឹងត្រែងជាបន្ទាន់ ដើម្បីត្រៀមបណ្តេញកងទ័ពឡាវ នៅក្នុងករណីភាគីឡាវ មិនព្រមដកទ័ព តាមសំណើសម្តេចតេជោ ហ៊ុន​ សែន ទេនោះ៕