(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៧គ្រឿង រថយន្តតូច៤គ្រឿង ម៉ូតូរ៉ឺម៉ក១គ្រឿង និងរយន្ដធុនធំ១គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៤២នាក់ របួសធ្ងន់ចំនួន៩៥នាក់ និងរបួសស្រាលចំនួន៤១នាក់៕