(ភ្នំពេញ)៖ ក្រុមហ៊ុន NTT Communications Corporation បាននាំចូលប្រព័ន្ធបច្ចេកវិទ្យាដោះស្រាយសុវត្ថិភាព និងបណ្ដាញ​ទំនាក់ទំនងចំបងថ្មីចូលក្នុងប្រទេសកម្ពុជា និងបានបង្ហាញជាផ្លូវការ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។

NTT Communications ជាក្រុមហ៊ុនផ្ដល់ជូននៅសេវាកម្មប្រឹក្សា, ស្ថាបត្យកម្ម, ប្រព័ន្ធសុវត្ថិភាព និងសេវាកម្ម Cloud ដែលធ្វើឲ្យ​មានភាពប្រសើរឡើង ចំពោះបច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញប្រាស្រ័យទំនាក់ទំនង សម្រាប់បណ្ដាសហគ្រាសនានា។

លោក Manabu Kahara អគ្គនាយកក្រុមហ៊ុន NTT បានឲ្យដឹងថា NTT នេះបានផ្ដល់ជូននូវសេវាជាច្រើន រួមមាន សេវា Network សេវា Cloud ដែលសេវាទាំងនេះ បានជម្រុញឲ្យទីផ្សារនៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ NTT នេះបានផ្ដល់ផល​​ប្រយោជន៍ជាច្រើន ដូចជាការតភ្ជាប់ប្រព័ន្ធមួយ ទៅមួយប្រកបដោយសុវត្ថិភាព។

លោកបានបញ្ជាក់ទៀតថា មូលហេតុដែល NTT ជ្រើសរើសទីផ្សារនៅក្នុងប្រទេសកម្ពុជា ព្រោះនេះ ជាយុទ្ធសាស្រ្ដមួយដើម្បីពង្រីក ទីផ្សារ​នៅក្នុងតំបន់មេគង្គ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ ដូច្នេះយើងចង់ជម្រុញប្រព័ន្ធ IT ទៅជាប្រព័ន្ធ Digital ឲ្យកាន់តែរីកចម្រើន​ និងលឿនជាងមុន ការប្រើប្រាស់ប្រព័ន្ធ Digital ជម្រុញឲ្យសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ មានការរីកចម្រើនខ្លាំង នេះជាមូលហេតុ​ធំដែលយើងជ្រើសរើសប្រទេសកម្ពុជា។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន NTT របស់យើងប្លែកពីក្រុមហ៊ុនដទៃ ពីព្រោះដោយសារតែក្រុមហ៊ុនមានការត​ភ្ជាប់ ពីកន្លែងមួយទៅមួយចំនួន១៩០ប្រទេស មានកន្លែងផ្ទុក Data ធំជាងគេក្នុងពិភពលោក រួមជាមួយនឹងបទពិសោធន៍ដែល យើង​មានជាង១០០ឆ្នាំផងដែរ៕