(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១  ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ៦ចំនួនគ្រឿង រថយន្តតូច២គ្រឿង កង១គ្រឿង និងអ្នកថ្មើរជើងម្នាក់  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, បត់គ្រោះថ្នាក់ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥៤លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៣០នាក់ របួសធ្ងន់ចំនួន២៤៧នាក់ និងរបួសស្រាលចំនួន១២៣នាក់៕