(ភ្នំពេញ)៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកលេងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំឲ្យបន្តចែកចាយ ឬផ្សព្វផ្សាយនូវដំណឹងមិនពិត ឬពាក្យចចាមអារ៉ាម ដែលគ្មានប្រភពច្បាស់លាស់ ដែលធ្វើឲ្យមានភាពចលាចល នៅក្នុងសង្គមកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានព្រមានយ៉ាងខ្លាំងក្លាថា ការចូលរួមចំណែកផ្សព្វផ្សាយដំណឹងមិនពិត ឬដំណឹងគ្មានភាពច្បាស់លាស់ បង្កអសន្តិសុខ ភាពចលាចល ដល់សង្គមនោះ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ លោកអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការបង្កចលាចលនេះ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ មេត្តាមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយ ឬផ្សព្វផ្សាយបន្ត នូវព័ត៌មាននានា ជាពិសេសព័ត៌មានដែលគ្រាន់តែជាពាក្យចចាមអារ៉ាម គ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអោយមានការភ័ន្តច្រលំ ឬបង្កនូវភាពចលាចលក្នុងសង្គមជាយថាហេតុ! អ្នកផ្សព្វផ្សាយព័ត៌មាន ចង់មិនចង់គឺត្រូវជាប់ជំពាក់ការទទួលខុសត្រូវតាមផ្លូវច្បាប់លើការផ្សព្វផ្សាយរបស់ខ្លួន! សូមចូលរួមទប់ស្កាត់នូវការបំពុលព័ត៌មាននានាដែលមានចេតនាទុច្ចរិតក្នុងសង្កមយើង!»។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនូវដំណឹងមិនពិតជាបន្តបន្ទាប់ អំពីករណីចាប់ក្មេងៗនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ​Facebook ជាបន្តបន្ទាប់ថា មានករណីចាប់ក្មេង នៅតាមខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ស្វាយរៀង និងប៉ៃលិនជាដើម ប៉ុន្តែបន្ទាប់ពីធ្វើការស្រាវជ្រាវលើ៣ករណីខាងលើនេះ សមត្ថកិច្ចបានប្រកាសថា ករណីនេះគឺជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានករណីចាប់ក្មេង វះគ្រលៀន ដូចទៅនឹងការផ្សព្វផ្សាយឡើយ។

ដោយទ្រាំមិនបាននឹងការផ្សព្វផ្សាយបំភ្លៃបែបនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាក្រសួងមានសមត្ថកិច្ចថ្នាក់កំពូលរបស់កម្ពុជា បានចេញមកប្រកាសថា រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅកម្ពុជាឡើយ ហើយលោកបានអះអាងថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា៕