(ភ្នំពេញ)៖ ដោយមានសំណូមពរពីប្រជាពលរដ្ឋ រស់នៅសង្កាត់ក្រាំងធ្នង់ ក្នុងភូមិវិមានទ្រង់ និងភូមិព្រៃមូល ចំពោះគំរោងពង្រីកផ្លូវបន្ថែមទទឹងទំហ​២០ម៉ែត្រ ដែលជាក្តីរំពឹងរបស់ពួកគាត់ កំពុងរងចាំថា នឹងមានថ្ងៃនេះឥឡូវ គំរោងស្ថាបនាផ្លូវទាំង០២ខ្សែរ ពេលនេះពិតជាបានមកដល់ដូចការស្នើរសុំ។

​នៅពេលចុះពិនិត្យស្ថានភាពមុន ពេលផ្លូវត្រូវចាប់ផ្តើមពង្រីក​​នៅព្រឹកថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា គំរោងនេះនៅពេល​ដំណើរការ លោកអំពាវនាវដល់បងប្អូន​ចូលរួមសហការ បង្ក​លក្ខណៈងាយស្រូល ដល់ក្រុមការងារ ប្រសិនបើ​មានការប៉ះពាល់ទាក់ទងនឹងបញ្ហាបច្ចេកទេស​។

លោកអភិបាលខណ្ឌ បន្ថែមថា ការ​ចំណាយទឹកប្រាក់លើគំរោងជាថវិការបស់ ​សាលាខណ្ឌសែនសុខ ហើយក៏ស្វាគមន៍ដែរ ប្រសិនបើមានសប្បុរសជនចូលរួម ហើយគម្រោងបឋម គឺស្ថាបនាផ្លូវ០២ខ្សែ​ ចម្ងាយផ្លូវ៣៥០ម៉ែត្រ ទំហំទទឹង២០ម៉ែត្រ ជាប្រភេទបេតុង លាតសន្ធឹងពីផ្លូវ​១៩៦២ ភូមិវិមានទ្រង់ ឆ្ពោះទៅជើង ដល់ភូមិព្រៃមូល។

​ពេលក្រុមការងារដឹកនាំ ដោយលោក​ ប៉ិល កុសល កំពុងដំណើរការវាស់វែង បាញ់គំនូសកំណត់ចំណុចកណ្តាលផ្លូវ និងទំហំត្រូវពង្រីក ម្ខាង២០ម៉ែត្រ ត្រូវបានពលរដ្ឋដែល​មានលំនៅស្ថាន នៅតាមដងផ្លូវចេញមកស្វាគមន៍​អបអរ ហើយស្ទើរគ្រប់ៗគ្នា និយាយដូច​គ្នា​ថា ផ្លូវកាន់តែធំ គឺកាន់តែប្រសើរ ពួកគាត់សហការក្នុងការសម្របសម្រួល នៅពេលដំណើរការពង្រីកផ្លូវ​ចាប់ផ្តើម​។

​អភិបាលខណ្ឌសែនសុខ បន្ថែមថា ថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះពីមុន ព្រោះថា​តំបន់នេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំង ​​ហេដ្ឋារចនា​សម្ព័ន្ធ ប្រឡាយ ផ្លូវដែលមានក្នុងប្លង់ អិលម៉ាប​​ ត្រូវបានកសាង​ស្ថាបនា​ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រ​ខណ្ឌសែនសុខ ហើយការងារនេះ​បាននឹងកំពុងអនុវត្តជាប្រចាំ ហើយកត្តាសំខាន់ គឺ​ទាំងអស់គ្នា ត្រូវមានភារកិច្ចចូលរួមរក្សាការពារសមិទ្ធិផលកំពុងមានស្រាប់៕