(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើប្រជាពលរដ្ឋសហគមន៍ថា ក្នុងនាមជាអ្នកម្ចាស់ស្រុក ត្រូវចូលរួមអភិរក្សថែរក្សា និងខិតខំអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុក ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើន និងត្រូវរៀបចំផ្ទះស្នាក់ (Home Stay) សេវាមគ្គុទ្ទេសក៏ និងសេវាពាក់ព័ន្ធ ផ្សេងៗទៀតដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

លោករដ្ឋមន្ត្រីទទូចយ៉ាងដូច្នេះ នាឱកាសអញ្ជើញចុះជួបប្រជាសហគមន៍ និងសិស្សានុសិស្ស ក្នុងកិច្ចប្រជុំបូកសរុបការងារសហគមន៍ទេសចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក និងគម្រោងផែនការរអភិវឌ្ឍទេសចរណ៍នៅតំបន់នះទៅអនាគតកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

លោកបានបន្តថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់បុព្វបុរសខ្មែរ ពីសំណាក់សហគមន៍អន្តរជាតិ និងកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ពិសេសតំបន់ប្រាសាទសំបូរព្រៃគុកនេះ ក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ដូច្នេះប្រជាពលរដ្ឋម្ចាស់ស្រុកចាំបាច់ត្រូវខិតខំអភិរក្ស និអភិវឌ្ឍតំបន់នេះ ប្រកបដោយនិរន្តរភាព បង្កើតផលិតផលទេសចរណ៍ថ្មី មានផ្ទះស្នាក់ជាលក្ខណៈប្រពៃណី មានសេវាបម្រើគ្រប់គ្រាន់ ប្រកបដោយគុណភាព និងការផ្តល់ការពេញចិត្តដល់ទេសចរ។ ព្រោះបើមានការពញចិត្ត ពេលត្រលប់ទៅវិញពួកគាត់នឹងផ្សព្វផ្សាយបន្តដល់មិត្តភក្តិ គ្រួសារ បងប្អូនបន្តទៀត។

លោករដ្ឋមន្រ្តីបានណែនាំថា ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវចូល ចាប់ពីផ្លូវបំបែក ត្រូវរៀបចំភូមិ លំនៅឋាន របស់ខ្លួន មានអនាម័យស្អាតល្អ ទាំងនៅលើផ្ទះ ក្រោមផ្ទះ ជុំវិញផ្ទះ លំអ ដោយដាំផ្កា មានរបងមុខផ្ទះ មានក្លោងទ្វារចូលផ្ទះ ។ល។ ព្រមទាំងអាចរៀបចំអោយមានទទួលសេវាម្ហូបអាហារ បន្លែ ផ្លែឈើ ធម្មជាតិ ដែលតាមរយះសេវាទាំងនេះប្រជាពលរដ្ឋសហគមន័យើង អាចទទួលបាននចំណូលច្រើនបន្ថែមទៀត ក្រៅពីការផលិត ផលិតផល សិប្បកម្មអនុស្សាវរីយ៍ផ្សេងៗ ដែលបងប្អូនកំពុងអនុវត្តន៏សព្វថ្ងៃ។

លោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីគម្រោងអភិវឌ្ឍទេសចរណ៍ជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់សហគ្រាសខ្នាតតូច សិប្បកម្មខែ្មរ និងផលិតផលក្នុងស្រុកផ្សេងទៀត ដែលជួយធ្វើឲ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ដ្រី។

លោករដ្ថមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ ក្នុងការកសាងសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អ រវាងវិស័យទេសចរណ៍ និងវិស័យពាក់ពាន់ ពិសេសវិស័យវប្បធម៌ បរិស្ថាន កសិកម្ម ។ល។ដែលអាចនឹងរៀបចំជាប្រភេទកសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍សហគមន៏មន៏ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើកទឹកចិត្ត និងជំរុញយ៉ាងខ្លាំង។

គួរបញ្ជាក់ថា សហគមន៏ទេសចរណ៍ សំបូរព្រៃគុក ត្រូវបានចងក្រងបង្កើតឡើង នៅឆ្នាំ២០១៤ក្រោមកិច្ចសហការណ៍ រវាង ក្រសួងទេសចរណ៍ និង ធានាគារអភិវឌ្ឍន៏អាសីុ ADB ក្នុងក្របខណ្ឌជំនួយដល់គំរោងកាត់បន្ថយ ភាពក្រីក្រតាមរយះវិស័យទេសចរណ៍ ដែលក្នុង នោះមាន ការបណ្តុះបណ្តាលនិងការបង្កើតផលិតផល តាមស្តង់ដារអន្តរជាតិ ដូច ជា ការបកសំបកនិងវេចខ្ចប់គ្រាប់ស្វាយចន្ទី ការផលិតទឹកសណ្តែក ផលិផលអំពីតម្បាញសូត្រ អាហារដ្ឋាន។ល។
បច្ចុប្បន្នសហគមន៏ នេះកំពុងដំណើការល្អនិងកំពុងរីករាយ ត្រៀមទទួលបំរើទេសចរជាតិ អន្តរជាតិដែលកំពុងកើនឡើងក្នុងការមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុគដែលជាបីតិកភណ្ឌពិភពលោកនេះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង ៥លាននាក់ កើនឡើង ៥% និងទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០% ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ ក្នុងរយៈពេល៥ខែ​ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួន ជិត២.៣លាននាក់ កើនឡើង ១២,៥%ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នៅឆ្នាំ២០២០ រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧ ខេត្តកំពង់ធំទទួលបានទេសចរជាតិ និងអន្តរជាតិចំនួន ១២ម៉ឺននាក់ ហើយក្នុងថ្ងៃសំបូរសង្ក្រាន រយៈពេល៣ថ្ងៃ មានទេសចរមកទស្សនា ២០ម៉ឺននាក់បន្ថែមទៀត។

ដោយឡែក ចាប់តាំងពីក្រោយពេលដាក់បញ្ចូូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើងជារៀងរាល់ថ្ងៃ។