(ភ្នំពេញ)៖ ជម្លោះដ៏ស្រួចស្រាល រវាងក្រុមគ្រួសារតារាសម្ដែង, តារាបង្ហាញម៉ូដ និងជាពិធីករ លោក ម៉ា ដូណា កំពុងតែពុះកញ្ជ្រោលឡើង យ៉ាងតឹងសរសៃក ស្របពេលដែលលោក ម៉ា ដូណា ទទូចចង់បានយុត្តិធម៌ឆាប់ៗ ពីសំ​ណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សម្រាប់រូបលោក ក៏ដូចជាក្រុមគ្រួសារ ខណៈដែលរូបលោក​​ចាត់ទុកថា គឺជាជនរងគ្រោះ​ក្នុងសំណុំ​រឿងនេះ។ ដោយឡែកភាគីជម្លោះម្ខាងទៀត ក៏បានប្រកាន់ជំហរឹងមាំថា ខ្លួនជាអ្នករងគ្រោះដែរ ហើយទាមទារឲ្យលោក ម៉ា ដូណា ក៏ដូចជាក្រុមគ្រួសារ​តារារូបនេះ ធ្វើការសុំទោស​ជាសាធារណៈ ដើម្បីបញ្ចប់ជម្លោះ កុំឲ្យបន្តរ៉ាំរ៉ៃទៅមុខទៀត។

ជម្លោះ​របស់ភាគីទាំងពីរ ដែលកំពុងតែទាមទាររកត្រូវរៀងៗខ្លួននេះ ត្រូវបានគេដឹងថា ផ្ដើមចេញពីការធ្វើរបងផ្ទះ ដែលគ្រួសារលោក ម៉ា ដូណា​ អះអាងថា ធ្វើចូលមកក្នុងដីរបស់លោក (ប្រវែង១តឹក) និងធ្វើទាំងពុំមានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ពោលគឺពុំមានការដឹងឮ ពីមន្រ្តីសូរិយោដី ទើបក្រុមគ្រួសាររបស់លោក បានទៅឃាត់ឃាំង មិនឲ្យបន្តធ្វើ រហូតមានជម្លោះឡើង បង្កឲ្យមានហិង្សាលើគ្នាទៅវិញ​​ទៅមក​ ផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីមានជម្លោះ រហូតបងស្រីរបស់លោក ម៉ា ដូណា មានរបួសទៀតនោះ ត្រូវបានក្រុមគ្រួសារភាគី ជម្លោះដាក់ពាក្យ​បណ្ដឹង ប្ដឹងលើក្រុមគ្រួសាររបស់លោកបន្ថែមទៀត ដោយទាមទារជំងឺចិត្ត រហូតដល់ទៅ៨ម៉ឺនដុល្លារ។ ​

ជម្លោះចង់ឈ្នះចង់ចាញ់ ផ្ដើមចេញពីដីមួយចំអាមនេះ ត្រូវបានគេមើលឃើញថា ភាគីទាំងពីរហាក់កំពុងតែ ទាញហេតុផលយកត្រូវរៀងៗខ្លួន ហើយធ្វើការចោទប្រកាន់គ្នា ​ទៅវិញ​ទៅមក ។ ក្នុងនោះភាគីទាំងពីរ សុទ្ធតែមានចេតនា ចង់ឲ្យច្បាប់ជាអ្នកដោះស្រាយ និងរកយុត្តិធម៌ដល់គ្រួសារ រ​បស់ពួកគេរៀៗខ្លួន។ ប៉ុន្តែ​ភាគីម្ខាងទៀត បានទាមទារឲ្យ គ្រួសារលោក ម៉ា ដូណា សុំទោសជាសាធារណៈ ជាថ្នូរនឹងការដកពាក្យ​បណ្ដឹង​​។

ជុំវិញបញ្ហាចោទគ្នា​ទៅវិញទៅមក ក្នុងជម្លោះដី១តឹកនេះ លោក ម៉ា ដូណា ដែលមហាជនស្គាល់ថា ជាតារាសម្ដែង, កំប្លែង និងជាតារាពិធីករផងនោះ បានថ្លែងឲ្យដឹងថា ក្រុមគ្រួសារ​របស់លោក មិនបានប្រើអំណាច ប្រើទឹកប្រាក់ ដើម្បីគៀបសង្កត់​ទៅលើភាគីម្ខាងទៀតឡើយ ពោលគឺគ្រួសារលោកអ្នកក្រីក្រ ជំពាក់ប្រាក់​ក្នុង​ធនាគារទៀត តើឲ្យលោកមាន លុយ ឬខ្នង និងបក្ខពួកមកពីណា ដើម្បីយកឈ្នះភាគីម្ខាងទៀត? អ្វីដែលលោក ម៉ា ដូណា និងគ្រួសារចង់បាននៅពេលនេះ គឺសូមឲ្យ​ច្បាប់គ្រប់លំដាប់ថ្នាក់ មានដូចជាសង្កាត់ ខណ្ឌ ឬមន្រ្តីតុលាការ មេត្តាជួយពន្លឿន សំណុំរឿងនេះ ដើម្បីឲ្យគ្រួសាររបស់លោក ទទួលបានយុត្តិធម៌ ព្រោះលោកជាជនរងគ្រោះ។

លោក ម៉ា ដូណា បានថ្លែងបន្តទៀតថា រឿងរ៉ាវដែលភាគីម្ខាងទៀត បានចោទប្រកាន់មកលើរូបលោក ក៏ដូចជាក្រុមគ្រួសារលោក គឺមិនមែនជាការពិតទាំងអស់ និងសុទ្ធតែបំភ្លើសយកត្រូវ​ខ្លួនឯង ខណៈដែលភាគីម្ខាងនោះ បានធ្វើឲ្យបងស្រីរបស់លោក​​ មាន​របួសធ្ងន់ត្រង់ខាងក្រោមភ្នែក ដោយការប្រើហិង្សាទាំងកម្រោល មកលើគ្រួសារលោក។ លោក ម៉ា ដូណា បានសង្កត់ធ្ងន់ថា អ្វីៗដែលលោកធ្វើ និងអះអាង គឺមានភស្ដុតាងត្រឹមត្រូវ ហើយសុំនិយាយអ្វីដែលជាការពិត និងមិនបានបំភ្លើស ឬបំប៉ោងដើម្បីយកត្រូវឡើយ ខណៈដែលបណ្ដឹងរបស់លោក នឹងប្ដឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ ហើយលុយ១០ម៉ឺនដុល្លារនោះ លោកនឹងបរិច្ចាគ​ឲ្យទៅមន្ទីរពេទ្យ គន្ធបុប្ផា ទាំងអស់ ព្រោះជាលុយក្ដៅ​ក្រហាយ។

លោក ម៉ា ដូណា បានបង្ហាញភស្ដុតាង និងឯកសារជាច្រើន ដើម្បីឲ្យមហាជនដឹងថា នរណាត្រូវនរណាខុស ព្រោះបើនិយាយពីទំហំដីវិញ លោកមិនចង់បានសូម្បីតែបន្តិច ចំពោះដីជម្លោះ១ចំអាមនេះ ខណៈដែលនៅខាងក្រោយផ្ទះ​លោក​ មានដីទំហំប្រមាណជាង២ពាន់ម៉ែត្រការ៉េ ទៀតឯណោះ។ ប៉ុន្តែទង្វើដែលភាគីម្ខាងទៀត ធ្វើមកលើរូបលោក ក្រុមគ្រួសាររបស់លោក គឺមិនអាចទទួលយកបានឡើយ។

ដោយឡែក ងាកមកភាគីម្ខាងទៀត ក៏បានអះអាងដែរថា ជម្លោះនេះគឺផ្ដើមចេញពីគ្រួសារ​របស់លោក ម៉ា ដូណា ជាអ្នកបង្កមុន ព្រោះការធ្វើរបងផ្ទះនេះ គឺធ្វើក្នុងដីរបស់ខ្លួន ពុំបានចូល ឬរំលោភយកដីផ្ទះ ​របស់លោក ម៉ា ដូណា ឡើយ។ ម្យ៉ាងទៀតព្រំប្រទល់​ចាស់ ក៏នៅមានដល់សព្វថ្ងៃ និងអាចមើលឃើញជាក់ស្ដែង ប៉ុន្តែភាគីខាងលោក ម៉ា ដូណា បែរជាចាក់សាប (ចាក់ស៊ីម៉ង់ត៍) លុបចោលទៅវិញ។

លោក សុខ ចន្ថា ជាភាគីម្ខាងទៀត បានអះអាងថា គ្រួសាររបស់លោកបានមករស់នៅទីនេះ អស់រយៈពេលជាង៣០ ឆ្នាំមកហើយ ពុំដែលមានរឿងរ៉ាវបែបនេះ កើតឡើងទេ ហើយអ្នករស់នៅក្នុងភូមិនេះ ក៏ដឹងដែរថា គ្រួសាររបស់លោកមានចរិតយ៉ាងណា ហើយបានធ្វើអ្វីខ្លះ។ គ្រួសារលោកមិនដែល​ចង់ឲ្យមានទំនាស់ ជាមួយនរណាឡើយ ជាពិសេស គឺអ្នកជិត​ខាងគ្នាតែម្ដង។ ប៉ុន្តែគ្រួសារលោក ម៉ា ដូណា អាងជាអ្នកមាន មានបងប្អូនជាអ្នកធំ បែរជាធ្វើទង្វើមិនគប្បី​មកលើគ្រួសារលោក ដែលធ្វើឲ្យលោកមិនអាចទទួលយកបាន ជាពិសេស គឺការប្រើហិង្សា​មកលើកូនស្រីលោក ដែលកំពុងមានផ្ទៃពោះនេះទៀត។

អ្នកនាង សុខ ស្រីពៅ ដែលកំពុងមានផ្ទៃពោះផងនោះ បានបន្ថែមថា ជម្លោះនេះ​ គឺផ្ដើមចេញពីគ្រួសារលោក ម៉ា ដូណា ជាអ្នកបង្កមុន។ ដូច្នេះនាង និងគ្រួសារមិនសុខចិត្តឡើយ។ រូបនាង និងគ្រួសារគួរ​តែទទួល​បាននូវអ្វីមួយ ពីភាគីខាងលោក ម៉ា ដូណា ដែលជាអ្នកបង្ក ពោលនាងចង់ឲ្យគ្រួសារលោក ម៉ា ដូណា សុំទោសជាសាធារណៈ បើមិនចង់ឲ្យរឿងនេះ កាន់តែវែងឆ្ងាយ។

តាមការអះអាងរបស់ អ្នកនាង សុខ ស្រីពៅ ក៏ដូចជាម្ដាយរបស់នាង គឺអ្នកស្រី អ៊ុ វណ្ណា ហាក់បង្ហាញជំហរមួយថា ចង់បញ្ចប់រឿងនេះត្រឹមប៉ុណ្ណេះ ពោលគឺមិនចង់ឲ្យរឿងកាន់តែឆ្ងាយ តទៅទៀត​ ព្រោះធ្វើឲ្យភាគីទាំងពីរ ខាតបង់ទាំងពេលវេលា កម្លាំង និងធនធានផងដែរ។ ប៉ុន្តែអ្វីដែលជាការទាមទារ គេកំពុងតែរង់ចាំមើលថា តើភាគីខាងគ្រួសារលោក ម៉ា ដូណា ទទួលយកបាន ឬយ៉ាងណា ខណៈដែល​លោក ម៉ា ដូណា និងក្រុមគ្រួសារ ក៏អះអាងថា ជាជនរងគ្រោះដូចគ្នា បែបនេះ?

សូមបញ្ជាក់ថា ទីតាំងជម្លោះដីព្រំរបងផ្ទះ មួយចំអាមនេះ គឺស្ថិតនៅក្នុងតាមបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ៕