(បន្ទាយមានជ័យ)៖ មេយោធាប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះថា តាមបទបញ្ជារបស់ថ្នាក់លើ គឺច្រករបៀងទាំងអស់ នៅតាមព្រំដែនជាមួយប្រទេសថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបិទទាំងស្រុងកាលពីម្សិលមិញ ហើយមិនដឹងពេលណា បើកដំណើរការឡើងវិញនោះទេ។

ការប្រកាសបិទច្រករបៀង នៅតាមព្រំដែនជាប់ជាមួយប្រទេសថៃខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលថៃ បានចេញច្បាប់រឹតបន្តឹងការងារ លើពលករបរទេសទាំងអស់ ដែលបាននិងកំពុងធ្វើការនៅក្នុងប្រទេសថៃ បូករួមទាំងពលករខ្មែរផងដែរ។

លោកឧត្តមសេនីយត្រី ឃួន ជឿន មេបញ្ជាការខាងព្រំដែនគោក នៅក្នុងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យើងបានបិទច្រករបៀងទាំងអស់តាមបទបញ្ជា របស់ថ្នាក់លើ តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ដែលការបិទនេះ គឺដោយសារខាងថៃហ្នឹង បានចេញច្បាប់រឹតបន្តឹងពលករធ្វើការនៅក្នុងប្រទេស ហើយអាជ្ញាធររបស់គេ កំពុងតាមចាប់ពលករខ្មែរយើង ចឹងថ្នាក់ដឹកនាំសម្រេចឲ្យបិទ ដើម្បីទប់ស្កាត់មិនឲ្យមានការលួ​ចឆ្លងដែនខុសច្បាប់ទៅទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ភ្លន់ ដារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិសឹករង ខេត្តបន្ទាយមានជ័យ ក៏បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា ថ្នាក់ដឹកនាំពិតជាបានបញ្ជាឲ្យបិទច្រករបៀងទាំងអស់ ដែលលោកមិនទាន់អាចកណត់បានថា មានចំនួនប៉ុន្មាននៅតាមព្រំដែន គឺទី១ទប់ស្កាត់មិនឲ្យមានការ លួចឆ្លងដែន ខុសច្បាប់ ពីពលករខ្មែរទៅប្រទេសថៃ និងទី២ គឺការទប់ស្កាត់ការលួចនាំទំនិញគេចពន្ធជាដើម។

បើតាមលោក ភ្លន់ ដារ៉ា ការបិទច្រករបៀងតទាំងនេះ ក៏បានធ្វើឡើងចំពោះពលករខ្មែរ ដែលបានចេញទៅធ្វើការនៅថៃ ពេលព្រឹក និងមកវិញល្ងាចផងដែរ ពីព្រោះមានពលករខ្លះ ពេលឆ្លងទៅថៃហើយ មិនបានត្រឡប់មកវិញនោះទេ។

បើតាមមេបញ្ជាការយោធាខេត្តបន្ទាយមានជ័យរូបនេះ បន្ទាប់ពីបានបិទច្រករបៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏មានបងប្អូនខ្មែរមួយចំនួននៅខាងម៉ាឡៃ បានធ្វើការតវ៉ាផងដែរ ដែលពួកគេចេញពីព្រឹកទៅធ្វើការនៅដីថៃ ហើយចូលមកវិញនៅល្ងាច។

លោក សូ ចាន់ណារី ប្រធានវរការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងដែរថា លោកក៏ទទួលបាន គោលការណ៍ ខាងលើនេះដែរ គឺដើម្បីទប់ស្កាត់មិនឲ្យមានលួចឆ្លងដែនខុសច្បាប់ពីសំណាក់ពលកររបស់យើង។ បើតាមសមត្ថកិច្ចខេត្តបន្ទាយមាន​ជ័យ ច្រករបៀងស្ថិតនៅ ខេត្តបន្ទាយមានជ័យ ជាប់ជាមួយប្រទេសថៃមានជាង៤០កន្លែង ហើយការបិទនេះក៏ត្រូវបានធ្វើឡើងនៅខេត្តបាត់ដំបងផងដែរ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា តាមរយៈសំណូមពររបស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ ក៏ដូចជានិយោជកថៃ កាលពីរសៀលថ្ងៃសុក្រ កន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានសម្រេចព្យួរការ អនុវត្តច្បាប់ដ៏តឹងរឹងចំពោះពលករបរទេស របស់ខ្លួនមួយរយៈពេល ហើយច្បាប់រឹតបណ្តឹងនេះធ្វើឡើង មិនមែនសម្រាប់កម្ពុជានោះទេ គឺសម្រាប់ប្រទេសទាំងអស់ដែលមាន ពលករធ្វើការនៅថៃ។ លោក ហេង សួរ បានបញ្ជាក់ថា «តាមរយៈសំណូមពររបស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ ក៏ដូចជានិយោជកថៃ កាលពីរសៀល ថ្ងៃសុក្រកន្លងទៅនេះរាជរដ្ឋាភិបាលថៃ បានសម្រេច ព្យួរការអនុវត្តច្បាប់របស់ខ្លួនមួយរយៈ។ នៅថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ ឯកឧត្តម អ៉ិត សំហេង នឹងដឹកនាំប្រតិភូកម្ពុជាទៅជួបជាមួយសមភាគីថៃ»

សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីៗមួយ ដោយធ្វើការរឹតបន្តឹងខ្លាំងក្លាទៅលើពលករបរទេស ដែលទៅធ្វើការងារនៅប្រទេស។ ច្បាប់នេះ មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែថៃ ទាំងឡាយណា ដែលធ្វើការខុសច្បាប់ ឬទទួលយកពលករបរទេសធ្វើការដោយមិនមានច្បាប់អនុញ្ញាត។ ច្បាប់ថ្មីៗនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ពលករបរទេសរាប់លាននាក់ ដែលកំពុងធ្វើការ នៅប្រទេសថៃ ក្នុងនោះមាន កម្ពុជា ភូមា ឡាវ វៀតណាម និងបង់ក្លាដេសជាដើម៕