(ពោធិ៍សាត់)​៖ បុរសម្នាក់ដែលជាម្ចាស់ម៉ូតូបានស្លាប់ៗភ្លាមនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដ ដែលបើកបរក្នុងទិសដៅបញ្ជ្រាសគ្នា។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ ​នៅ​ចន្លោះគីឡូម៉ែត្រលេខ២០០-២០១ ស្ថិតក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ត០១គ្រឿង ម៉ាក​Camry ពណ៌ប្រផេះ ពាក់ផ្លាកលេខ​ភ្នំពេញ​2K-4211 បើកក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចខាងលើបានបុកម៉ូតូ ម៉ាកHonda Dream  C125 ឆ្នាំ២០១៥ ពាក់ស្លាកលេខ​បាត់ដំបង​1I-9857 បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

នគរបាលបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ វិត វឿន ​អាយុ២១ឆ្នាំ រស់នៅភូមិ​បឹងប្រិយ៍ ​ឃុំ​ត្រពាំងជង ស្រុកបាកាន ដោយឡែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្ដ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានទាក់ទងទៅក្រុមគ្រួសារដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានរកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់៕​