(កំពង់ធំ)៖​ ​បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ កៅ ប៉ូច​ អាយុ៥០ឆ្នាំ ជាមេភូមិ​​បន្ទាយយោមរាជ​ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់​​យ៉ាងអាណោចអាធ័ម ខណៈ​​ដែលរូបលោកកំពុង​​ជិះម៉ូតូ ​ក៏ត្រូវរថយន្តបើកបុកពីក្រោយ។

​​ហេតុការណ៍នេះបានកើតឡើង​ ​នៅព្រឹកថ្ងៃទី០២ ខែកក្តដា​ ឆ្នាំ២០១៧នេះ​ នៅចំណុចភូមិ​​បន្ទាយយោមរាជ​ ឃុំប្រាសាទ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដសាំយ៉ុង​១គ្រឿង ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​2AN​-0544 បើកបរក្នុងទិសដៅពីជើង​ទៅត្បូង មកដល់កន្លែងកើតហេតុ​បានបុកអ្នកជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់ ពាក់ស្លាកលេខភ្នំពេញ1AH​-8716 ពីក្រោយពេញទំហឹង បណ្ដាលជនរងគ្រោះរមៀលបោកក្បាលធ្លាក់ពីចិញ្ចើមថ្នល់ស្លាប់ភ្លាមៗ ចំណែករថយន្ដជ្រុលចង្កូតធ្លាក់ស្រែ ជាង១០០ម៉ែត្រ ហើយអ្នកបើកបរ​បរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើកំណត់ហេតុ​ និងប្រគល់​​សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកវត្ថុតាងទាំង២ ត្រូវយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕