(ពោធិ៍សាត់)៖ ឈើគ្រញូងចំនួន១២០ដុំ ស្មើនឹងជាងតោន ដែលកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគ៥ ក្នុងខេត្តពោធិ៍សាត់ បង្ក្រាបបាននៅស្រុកវាលវែងនោះ ពេលនេះឈើគ្រញូងទាំងត្រូវបានកម្លាំងយោធា សហការជាមួយអាជ្ញាធរឃុំថ្មដាដុតបំផ្លាញចោល។

យោងតាមកំណត់ហេតុរបស់សាលាឃុំថ្មដា បានបញ្ជាក់ថា ការដុតបំផ្លាញឈើខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំពីលោក ព្រំ ង៉ុន មេឃុំថ្មដា និងក្រុមមន្ដ្រីយោធាវរៈព្រំដែនលេខ៥០១ ដោយមានការឯកភាពពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងអភិបាលខេត្តពោធិ៍សាត់។

ប៉ុន្ដែសកម្មភាពដុតបំផ្លាញឈើចោលនេះ ត្រូវបានពលរដ្ឋមជ្ឈមដ្ឋានទូទៅហាក់កំពុងដាក់ចម្ងល់ថា ហេតុអ្វីបានជាកម្លាំងយោធានាំគ្នា និងមេឃុំ ដុតបំផ្លាញចោលឈើគ្រញូងទាំងនេះ? ព្រោះថារាល់ដងក្រោយពេល​សមត្ថកិច្ចបង្ក្រាបបាន ករណីឈើខុសច្បាប់នោះ គេតែងតែឃើញ​សមត្ថកិច្ចយកទៅរក្សាទុក ហើយកសាងសំណុំរឿងចាត់បញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធី។

សូមជម្រាបថា កម្លាំងនៃយោធាភូមិភាគទី៥ បានបង្ក្រាបឈើគ្រញូងនេះ ទាំងកណ្តាលអាធ្រាត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខណៈកំពុងដឹកជញ្ជូនបម្រុងលោតឆ័ត្រ នាំចេញទៅក្រៅប្រទេស នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ចំណុចចំការកៅស៊ូ​លោកតា៥០១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង​។

មន្រ្តីយោធារបស់វរៈការពារព្រំដែនលេខ៥០១ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងបានឃាត់រថយន្តកែច្នៃ១គ្រឿង បើកបរដោយឈ្មោះ រ័ត្ន ធឿក ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទុកឈើក្រញ៉ូង១២០ដុំ ស្មើនឹង២,២៤៨គីឡូក្រាម​៕