(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចបញ្ជូនបុរសម្នាក់ ទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនជាមន្រ្តី ហើយប្រព្រឹត្តអំពើឆរបោកអ្នកដទៃ ហើយតំណាងអយ្យការ នៅថ្ងៃទី១៩ ខែមិថុនានេះ បានសម្រេចចោទប្រកាន់ ជននេះពីបទឆបោក

លោក លី សុផាណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការសំណុំរឿងនេះ បានអះអាងថា តំណាងអយ្យការ បានសម្រេច បើកការស៊ើបសួរ ដោយចោទប្រកាន់ឈ្មោះ ស មឿនតារា ហៅ ឧត្តម ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៧៧ និងមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។

បើតាម លោក លី សុផាណា ជនសង្ស័យម្នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៕